ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានប្រសាសន៍រំលឹកពីកត្តាសន្តិភាព បើទោះបីជាក្រុមជ្រុលនិយមមួយក្ដាប់តូចបន្តរិះគន់ថា រាជរដ្ឋាភិបាលនៅតែលើកយកពាក្យរក្សាសន្តិភាពឱ្យខាងតែបានមកប្រើដើម្បីជាការគំរាមដល់អ្នកប្រឆាំងនោះ សម្តេច បានមានប្រសាសន៍ថា សម្តេចនៅតែប្រើពាក្យនេះព្រោះថា បើបាត់សន្តិភាព សង្គ្រាមនឹងកើតឡើងហើយ។
សម្តេចធិបតីបានរំលឹកថា ខេត្តកែបនេះ កុំថាឡើយមកលេងបុណ្យសមុទ្រ ឬមកលេងកម្សាន្តជាប្រចាំ អតីតកាលមិនមានសន្តិភាពទេ សូម្បីតែដីកែបតូចមួយ ក៏មានដែននៃជំរកនៃ អស្ថិរភាព ការវាយប្រហារគ្នាដែរ កុំថាឡើយជនជាតិខ្មែរសូម្បីតែជនបរទេសក៏ត្រូវទទួលរងនូវការសម្លាប់ដែរ។
គួររំលឹកថា អតីតកាលប្រទេសកម្ពុជាបានទទួលរងនូវការឈឺចាប់ដោយសារសង្គ្រាមស៊ីវិល បានអូសបន្លាយអស់រយៈពេលជាង៥០០ឆ្នាំ ទំរាំទទួលបាននូវសន្តិភាពក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ដែលកើតឡើងក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបានយកជីវិតធ្វើដើមទុក ចូលទៅតំបន់ជម្លោះ ភាគីខ្មែរក្រហម ដែលនៅសេសសល់ ដើម្បីស្វែងរកការយោគយល់ពីគ្នា និងឈានទៅដល់ការឯកភាពជាតិ ឯកភាពទឹកដី បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ដែលគ្រប់ភាគីជម្លោះបានចូលមករួមរស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ប្រកបដោយភាពសុខុដុមរមនារហូតមកដល់សព្វថ្ងៃ៕




