ក្រុមកីឡាការនី ត្រៀមខ្លួនរួចរាល់ សម្រាប់ការចូលរួមប្រណាំងទូកងថ្នាក់រាជធានី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ។
ទូកង «សំហេងមហាសែនតេជោ បារមីសារវ័នតេជោ» ជាទូករបស់ថ្នាក់រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌបឹងកេងកង។
ក្រុមកីឡាការិនី ទូកង ខាងលើនេះ បង្ហាញក្តីរំភើបរីករាយ ក្នុងនាមជានារីភេទ ដែលបានចូលរួមក្នុងការប្រណាំងទូកថ្នាក់រាជធានីនេះ។ ក្រុមកីឡាការិនីបញ្ជាក់ថាពួកគេបានត្រៀមខ្លួនរួចរាល់១០០ភាគរយហើយ សម្រាប់ការប្រកួតយកជ័យជម្នះ ក្នុងការប្រណាំងទូកថ្នាក់រាជធានីនៅថ្ងៃស្អែកនេះ និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនៅថ្ងៃទី១៤ ខាងមុខ ។
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រី ចុះសំណេះសំណាល ជាមួយបងប្អូនក្រុមកីឡាការិនីនៅវត្តសារាវ័ន ដើម្បីជាការលើកទឹកចិត្ត និងកម្លាំងចិត្តដល់ពួកគាត់ ឱ្យមានភាពស្វាហាប់ ប្រកួតយកជ័យជម្នះនៅថ្ងៃប្រកួតទាំងថ្នាក់រាជធានី និងថ្នាក់ជាតិ ។ ការសំណេះសំណាលនោះ ក៏បានឧបត្ថម្ភនូវគ្រឿងបរិភោគ , ភេសជ្ជៈ ក៏ដូចជាថវិការមួយចំនួនដល់ក្រុមកីឡាការិនីផងដែរ។
សូមបញ្ជាក់ថានៅក្នុងខណ្ឌបឹងកេងកង គឺមានទូកងចំនួន២ ដែលនឹងត្រៀមចូលរួមក្នុងការប្រណាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ ដែលជាទូក ង ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភទាំងស្រុង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង៕ អត្ថបទ៖ លីហេង




