នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានជួបពិភាក្សាជាមួយនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត លោក Fayyad al-Ruwaili នៅទីក្រុង តេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។

ក្នុងអំឡុងពេលជំនួប លោក Baqeri បាននិយាយថា កិច្ចប្រជុំនេះមានសារៈសំខាន់ជាពិសេសចំពោះតំបន់ ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរនឹងនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។ លោក Baqeri បានអញ្ជើញកងកម្លាំងទ័ពជើងទឹករបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមក្នុងសមយុទ្ធដែនសមុទ្រអ៊ីរ៉ង់ ដែលគ្រោងសម្រាប់ឆ្នាំក្រោយ ទាំងជាអ្នកចូលរួមដ៏សកម្ម ឬជាអ្នកសង្កេតការណ៍។

លោក Al-Ruwaili និយាយថា កិច្ចព្រមព្រៀងសម្រាប់ទំនាក់ទំនងផ្នែកការទូតដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត នៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីឆ្នាំមុន បានបង្កើតឡើងនូវមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយប្រទេសអារ៉ាប៊ីសាអូឌីត ជឿថា កិច្ចព្រមព្រៀងនេះ គឺជាឱកាសយុទ្ធសាស្ត្រមួយ។
ការចូលរួមផ្នែកយោធាកម្រិតខ្ពស់នេះ ធ្វើឡើងបន្ទាប់ពីការស្តារទំនាក់ទំនងការទូតឡើងវិញដែលគាំទ្រដោយទីក្រុងប៉េកាំង រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក្នុងខែមេសា ឆ្នាំ២០២៣ ដោយបញ្ចប់ភាពជាប់គាំងរយៈពេល៧ឆ្នាំ។ ទីក្រុងរីយ៉ាដ បានផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ២០១៦ បន្ទាប់ពីបាតុករអ៊ីរ៉ង់ បានវាយប្រហារបេសកកម្មការទូតអារ៉ាប៊ីសាអូឌីត បន្ទាប់ពីការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់របស់ព្រះរាជាណាចក្រមួយនេះ។