ប្រទេសចិន បានជំទាស់ការអះអាងសិទ្ធិដែនសមុទ្ររបស់ហ្វីលីពីន កាលពីថ្ងៃអាទិត្យ (១០ វិច្ឆិកា) ដោយនិយាយថា ច្បាប់ថ្មីរបស់ទីក្រុងម៉ានីល "បានរំលោភយ៉ាងធ្ងន់ធ្ងរ" លើអធិបតេយ្យភាព និងសិទ្ធិដែនដីរបស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង ហើយប្តេជ្ញាការពារផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marco Jr) បានចុះហត្ថលេខាលើច្បាប់ចំនួនពីរកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីកំណត់សិទ្ធិដែនសមុទ្ររបស់ប្រទេស ព្រមទាំងកំណត់ផ្លូវសមុទ្រ និងផ្លូវអាកាស ដើម្បីពង្រឹងអធិបតេយ្យភាព។

ក្រសួងការបរទេសចិនបាននិយាយថា "ទីក្រុងប៉េកាំង ប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ហើយនឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ស្របតាមច្បាប់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិន"។

ទីក្រុងប៉េកាំង អះអាងសិទ្ធិអធិបតេយ្យភាពលើស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង រួមទាំងតំបន់ដែលទាមទារដោយហ្វីលីពីន ព្រុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។ ចិនបានច្រានចោលសេចក្តីសម្រេចឆ្នាំ២០១៦ នៅតុលាការទីក្រុងឡាអេ ដែលថាការអះអាងសិទ្ធិរបស់ខ្លួនមិនត្រូវបានគាំទ្រដោយច្បាប់អន្តរជាតិ៕