ទីក្រុងប៊ែរឡាំង បាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វា សូល (Olaf Scholz) ដោយបន្ថែមថា ពួកគេបានយល់ព្រមធ្វើការរួមគ្នា ដើម្បីនាំសន្តិភាពត្រឡប់ទៅអឺរ៉ុបវិញ។
លោក សូល ដែលបានជាប់គាំងក្នុងវិបត្តិនយោបាយ និងប្រឈមមុខនឹងការបោះឆ្នោតភ្លាមៗនៅដើមឆ្នាំ ២០២៥ បានអបអរសាទរលោក ត្រាំ ជាលើកទីពីរចំពោះជ័យជម្នះការបោះឆ្នោតរបស់លោក ។ នេះបើយោងតាមSteffen Hebestreitដែលជាអ្នកនាំពាក្យរបស់អធិការបតី។
លោក Hebestreit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាល្លឺម៉ង់-អាមេរិក និងការប្រឈមមុខនឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន»។
«លោកអធិការបតី បានគូសបញ្ជាក់ពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ជោគជ័យ ជាច្រើនទសវត្សរ៍រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ»។
«ពួកគេក៏បានយល់ព្រមធ្វើការរួមគ្នា ដើម្បីនាំសន្តិភាពវិលត្រឡប់ទៅអឺរ៉ុបវិញ»។
ការបោះឆ្នោតរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថា មានសក្តានុពលក្នុងការបញ្ចប់ជម្លោះអ៊ុយ ក្រែនជិត ៣ឆ្នាំ ខណៈដែលលោកទទូចឲ្យបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស និងធ្វើឲ្យមានការសង្ស័យលើការផ្តល់ថវិការាប់ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ដល់ទីក្រុងគីវនៃប្រទេសអ៊ុយ ក្រែន។