នរបាលក្រុងប៉ារីស បាននិយាយកាលពីថ្ងៃអាទិត្យថា មន្ត្រីចំនួន ៤.០០០ នាក់ និងបុគ្គលិកពហុកីឡដ្ឋានចំនួន ១.៦០០ នាក់ នឹងត្រូវដាក់ពង្រាយសម្រាប់ការប្រកួតបាល់ទាត់បារាំង-អ៊ីស្រាអែល ដើម្បីធានាសន្តិសុខក្នុង និងជុំវិញកីឡដ្ឋាន និងលើការដឹកជញ្ជូនសាធារណៈមួយសប្តាហ៍ បន្ទាប់ពីអំពើហិង្សាលើអ្នកគាំទ្រអ៊ីស្រាអែលនៅទីក្រុង Amsterdam ប្រទេសហូឡង់។
វិមានប្រធានាធិបតី Elysee បាននិយាយថា ប្រទេសបារាំង និងអ៊ីស្រាអែល នឹងមានការប្រកួតបាល់ទាត់ក្នុងកម្មវិធី UEFA Nations League នៅថ្ងៃព្រហស្បតិ៍ ដែលប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងចូលរួមផងដែង។
ស្នងការនគរបាលក្រុងប៉ារីស លោក Laurent Nuñez បាននិយាយនៅលើទូរទស្សន៍ BFM TV របស់បារាំងថា មានបរិបទមួយ គឺភាពតានតឹង ដែលធ្វើឲ្យព្រត្តិការណ៍ប្រកួតបាល់ទាត់មានហានិភ័យខ្ពស់សម្រាប់យើង» ដោយបានបន្ថែមថា អាជ្ញាធរ នឹងមិនបណ្តោយឲ្យអំពើហិង្សាណាមួយ កើតឡើងទេ។
លោក Nuñez បានអះអាងថា នគរបាលចំនួន ២.៥០០នាក់ នឹងត្រូវដាក់ពង្រាយ នៅជុំវិញពហុកីឡដ្ឋាន Stade de France ភាគខាងជើងនៃរដ្ឋធានីបារាំង ជាការបន្ថែមពីលើចំនួន ១.៥០០នាក់ផ្សេងទៀត នៅក្នុងទីក្រុងប៉ារីស និងលើការដឹកជញ្ជូនសាធារណៈ។ លោក Nuñez បាននិយាយថា៖ «នឹងមានកន្លែង សន្តិសុខប្រឆាំងភេរវករនៅជុំវិញពហុកីឡដ្ឋាននេះ។ លោកបានបន្ថែមថា ការត្រួតពិនិត្យសុវត្ថិភាព នឹងត្រូវបាន«ពង្រឹង» រួមជាមួយនឹងការឆែករកអាវុធនិងគ្រឿងញៀនជាប្រព័ន្ធ និងឆែកក្នុងកាបូបជាដើម។