អ្នកជំនាញមួយរូប បានព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចកំណត់គោលដៅលុកលុយដោយកម្លាំងយោធាលើប្រទេសអឺរ៉ុបចំនួន ៤ទៀត នៅពេលដែលរូបលោកសម្រេចបានលទ្ធផល ក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា កងទ័ពរបស់លោក Putin បាន និងកំពុងអនុវត្តការលុកលុយទ្រង់ទ្រាយដោយមិនស្របច្បាប់របស់ខ្លួនចូលក្នុងប្រទេសអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ ហើយប្រធានាធិបតីរុស្ស៊ី តែងបានលើកឡើងនៅក្នុងឱកាសជាច្រើនបង្ហាញពីមហិច្ឆតារបស់លោក ក្នុងការស្ដារអាណាចក្ររុស្ស៊ីឡើងវិញ ដែលមានន័យថា ប្រទេសនៅអឺរ៉ុបផ្សេងទៀត អាចនឹងស្ថិតក្នុងបញ្ជីវាយលុករបស់លោក។
លោក Nicholas Drummond អ្នកជំនាញផ្នែកការពារជាតិ និងសន្តិសុខ បានប្រាប់សារព័ត៌មាន Daily Express ថា ប្រទេសអេស្តូនី ឡាត់វី និងលីទុយអានី (ហៅជារួមថា រដ្ឋបាល់ទិក) ម៉ុលដាវី និងសូម្បីតែដែនដីមួយចំនួន នៅទ្វីបអាហ្រ្វិក អាចជាគោលដៅរបស់កងកម្លាំងរុស្ស៊ី។
លោក Drummond បានប្រាប់ថា៖ «លោក Putin គឺជាបុគ្គលដ៏គ្រោះថ្នាក់ម្នាក់ ពោលគឺមនុស្សដ៏គ្រោះថ្នាក់ខ្លាំង ហើយលោកចង់ឲ្យរុស្ស៊ីក្លាយជាមហាអំណាចម្តងទៀត។ ខ្ញុំមិនគិតថា លោកនឹងដាក់គោលដៅលើរដ្ឋបាល់ទិកនោះទេ ប៉ុន្តែលោកអាចធ្វើ។ មានទាហានរបស់អង្គការណាតូ នៅក្នុងរដ្ឋបាល់ទិក ដូច្នេះវានឹងបង្កឲ្យមានព្រឹត្តិការណ៍មាត្រា 5 ភ្លាមៗ (មាត្រាក្នុងច្បាប់ររបស់អង្គការណាតូដែលចាត់ទុកការវាយប្រហារលើប្រទេសសមាជិកណាមួយថា ជា វាយប្រហារលើប្រទេសមាជិកទាំងអស់)។ ករណីនេះនឹងបង្កឲ្យកើតបញ្ហាយ៉ាងខ្លាំងក្លា»។
លោក បានបន្ថែមថា៖ «សម្រាប់ប្រទេសម៉ុលដាវី លោកប្រហែលជាព្យាយាមធ្វើអ្វីមួយនៅទីនោះ។ លោកក៏អាចសម្រេចចិត្តធ្វើអ្វីមួយ នៅទ្វីបអាហ្រ្វិក ដោយដណ្តើមយកដែនដី នៅទីនោះ ឬអ្វីមួយដែលមានលក្ខណៈស្រដៀងហ្នឹង»៕