ដោយដកស្រង់ប្រភពចំនួន២ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃអាទិត្យ (ទី១០ ខែវិច្ឆិកា) បានរាយការណ៍ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានស្នើផ្តល់ជូនតំណាងរាស្ត្របក្សសាធារណរដ្ឋ គឺលោកស្រី Elise Stefanik ឲ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN)។
នៅមុននេះ សារព័ត៌មាន Reuters បានរាយការណ៍ថា លោកស្រី Stefanik ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Trump កំពុងត្រូវបានពិចារណាឲ្យធ្វើតួនាទីនេះ។
ដោយទាំងមិនបានអះអាង ឬបដិសេធ ចំពោះរបាយការណ៍របស់សារព័ត៌មាន CNN នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែល (សារអេឡិចត្រូនិក) លោកស្រី Karoline Leavitt អ្នកនាំពាក្យក្រុមយុទ្ធនាការ Trump-Vance បានឲ្យដឹងថា៖ «ប្រធានាធិបតីជាប់ឆ្នោត លោក Trump នឹងចាប់ផ្តើមធ្វើការសម្រេចចិត្ត ពាក់ព័ន្ធនឹងអ្នកដែលនឹងត្រូវបម្រើក្នុងរដ្ឋបាលទី២ របស់លោក ក្នុងពេលឆាប់ៗនេះ។ ការសម្រេចទាំងនោះ នឹងត្រូវបានប្រកាស នៅពេលដែលត្រូវបានធ្វើឡើងរួចរាល់»។
អ្នកស្រី Stefanik មិនអាចទាក់ទងបានភ្លាមៗនោះទេ ដើម្បីសុំការពន្យល់ពីការលើកឡើងនេះ។ លោក Trump បាននិយាយកាលថ្ងៃទី៩ ខែវិច្ឆិកាថា អតីតគូប្រជែងដណដណ្ដើមបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោកស្រី Nikki Haley និងអតីតរដ្ឋមន្ត្រីការបរទេស លោក Mike Pompeo នឹងមិនត្រូវបានស្នើសុំឲ្យចូលរួមជាមួយរដ្ឋបាលរបស់លោកទេ។
លោកស្រី Haley បានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅ UN ក្រោមការដឹកនាំរបស់លោក Trump អំឡុងអាណត្តិមុនរបស់លោក ហើយបានគាំទ្រលោក Trump ជាប្រធានាធិបតី បើទោះបីជាបានរិះគន់លោកដោយឥតសំចៃមាត់ នៅពេលដែលលោកស្រីបានឈរឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតបឋមក៏ដោយ៕