នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (ទី១០ ខែវិច្ឆិកា) បាននិយាយថា លោកបានយល់ព្រមឲ្យមានការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់កាលពីខែកញ្ញាទៅលើឧបករណ៍ទំនាក់ទំនងរបស់ក្រុមហេសបូឡា ដែលបានផ្ទុះនៅក្នុងប្រទេសលីបង់ ដោយនេះជាលើកទី១ហើយ ដែលអ៊ីស្រាអែលបានទទួលស្គាល់ថា មានការពាក់ព័ន្ធនឹងករណីនេះ។
នៅមុននេះ ក្រុមហេសបូឡាបានស្តីបន្ទោសសត្រូវដ៏ស្រួចស្រាល់របស់ខ្លួននេះ ចំពោះការបំផ្ទុះនេះ ដែលបានផ្ដល់ការប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ហើយបានប្តេជ្ញាសងសឹក។
អ្នកនាំពាក្យរបស់លោក Netanyahu គឺលោក Omer Dostri បានប្រាប់សារព័ត៌មាន AFP ពីការវាយប្រហារនេះថា៖ «លោក Netanyahu បានបញ្ជាក់នៅថ្ងៃទី១០ ខែវិច្ឆិកាថា លោកបានផ្ដល់ភ្លើងខៀវដល់ប្រតិបត្តិការវាយប្រហារឧបរករណ៍ទំនាក់ទំនង នៅក្នុងប្រទេសលីបង់»។
សូមបញ្ជាក់ថា ឧបករណ៍កាន់ដៃដែលប្រើប្រាស់ដោយប្រតិបត្តិករហេសបូឡា បានផ្ទុះ ២ថ្ងៃជាប់គ្នា នៅក្នុងផ្សារទំនើប នៅតាមដងផ្លូវ និងក្នុងពិធីបុណ្យសព កាលពាក់កណ្តាលខែកញ្ញា។ ការផ្ទុះនោះបានសម្លាប់មនុស្សជិត ៤០នាក់ និងរបួសជិត ៣.០០០នាក់ ហើយបានកើតឡើងមុនប្រតិបត្តិការយោធា ដែលកំពុងបន្តមានរបស់អ៊ីស្រាអែល នៅប្រទេសលីបង់៕