បេសកជនរបស់ទីក្រុងម៉ានីលប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសហ្វីលីពីនកំពុងធ្វើការលើយុទ្ធសាស្ត្រ «ផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក» ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump។
អំឡុងបទសម្ភាសន៍មួយកាលពីថ្ងៃទី៧ ខែវិច្ឆិកា នៅការិយាល័យរបស់លោក នាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Jose Manuel Romualdez បាននិយាយថា៖ «ផលប្រយោជន៍របស់យើង គឺស្របគ្នាខ្លាំងណាស់។ ខ្ញុំជឿជាក់ និងមានទំនុកចិត្តថា នឹងមិនមានការផ្លាស់ប្តូរអ្វីធំដុំនោះឡើយ ជាពិសេសខាងផ្នែកការពារជាតិ»។
ដោយឡែក នៅថ្ងៃទី៨ ខែវិច្ឆិកា លោកបានប្រាប់អ្នកសារព័ត៌មានបរទេស នៅទីក្រុងម៉ានីល ក្នុងអំឡុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណិតថា៖ «ពិតណាស់ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរបស់យើង គឺជាកន្លែងដែលយើងពិតជាត្រូវប្រុងប្រយ័ត្នខ្លាំង»។
បើយោងតាមបេកជនរូបនេះ បានឲ្យដឹងថា ទីក្រុងម៉ានីល គ្រោងនឹងទាញយកអត្ថប្រយោជន៍ពីការពង្រឹងទំនាក់ទំនងការពារជាតិ ដើម្បីបន្តទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចពីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងអាណត្តិទី២ របស់លោក Trump។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនកំពុងប្រឹងប្រែងធ្វើឲ្យមានស្ថិរភាព ចំពោះលំហូរនៃជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការសន្យាវិនិយោគពីសហរដ្ឋអាមេរិកដែលបានកើនឡើងក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Joe Biden ខណៈដែលគោលនយោបាយគាំពារនិយមរបស់លោក Trump ផ្ដល់នូវហានិភ័យធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកាន់តែច្របូកច្របល់៕