រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey នៅថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថា លោករំពឹងថា រដ្ឋបាលនាពេលខាងមុខរបស់លោក Donald Trump នឹងនៅតែមានភាពប្ដូរផ្ដាច់ ចំពោះអង្គការណាតូ (NATO) និងអ៊ុយក្រែន ក្នុងជម្លោះរបស់ប្រទេសនេះទល់នឹងរុស្ស៊ី ដរាបណាជំនួយនៅតែត្រូវការជាចាំបាច់។
នៅពេលដែលត្រូវបានសួរថា តើការគាំទ្រ ចំពោះអ៊ុយក្រែន បានធ្លាក់ចុះដែរ ឬទេ ចាប់តាំងពីលោក Trump បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីសប្តាហ៍មុននោះ លោក Healey បានប្រាប់សារព័ត៌មាន Sky News ថា៖ «តាមទស្សនៈរបស់លោកប្រធានាធិបតី Trump លោកទទួលស្គាល់ថា ប្រទេសនានាទទួលបានសន្តិសុខ តាមរយៈកម្លាំង មិនខុសពីសម្ព័ន្ធមិត្តណាតូដែរ»។
លោកបានបន្តទៀតថា៖ «ហើយខ្ញុំរំពឹងថា សហរដ្ឋអាមេរិកនឹងនៅតែរួមជាមួយសម្ព័ន្ធមិត្ត ដូចជាចក្រភពអង់គ្លេសដែរ ដោយឈរជាមួយអ៊ុយក្រែន ដរាបណាប្រទេសនេះនៅត្រូវការការគាំទ្រ ដើម្បីយកឈ្នះលើការលុកលុយរបស់លោក Putin (ប្រធានាធិបតីរុស្ស៊ី Vladimir Putin)។
ជាមួយគ្នានេះ លោក Healey ក៏បាននិយាយផងដែរថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះអង្គការណាតូ និងសន្តិសុខអឺរ៉ុប នឹងនៅតែរឹងមាំក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump ប៉ុន្តែលោកបានបញ្ជាក់ថា លោកបានប្រកែកអស់មួយរយៈមកហើយថា បណ្តាប្រទេសអឺរ៉ុបចាំបាច់ត្រូវ «ទទួលខុសត្រូវឲ្យខ្លាំងក្លា» បន្ថែមទៀត ទាក់ទងនឹងការបង្កើនការចំណាយលើវិស័យការពារជាតិ។
លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមិនរំពឹងថា សហរដ្ឋអាមេរិកនឹងងាកចេញពីអង្គការណាតូនោះទេ។ ពួកគេទទួលស្គាល់ពីសារៈសំខាន់នៃសម្ព័ន្ធភាព។ ពួកគេទទួលស្គាល់សារៈសំខាន់នៃការជៀសវាងកុំឲ្យមានជម្លោះបន្ថែមទៀត នៅអឺរ៉ុប»៕