ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការលើការងារមនី្ទរពិសោធន៍ ក្នុងការសិក្សាស្រាវជ្រាវពិសោធន៍រកមេរោគកូវីដ-១៩ និងមេរោគដទៃទៀត។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត André Spiegel មកចូលកាន់ការងារជានាយក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថ្មី ជំនួសលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល ដែលបានបញ្ចប់បេសកកម្មការងារ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលោកវេជ្ជបណ្ឌិត មានបំណងបន្តកិច្ចសហប្រតិបតិ្តការជាមួយក្រសួង សុខាភិបាល ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនៅប្រទេសកម្ពុជា កាន់តែរីកច្រើន។
ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមស្វាគមន៍ និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍវិស័យសុខាភិបាល កាន់តែរឹងមាំ ពិសេសក្នុងបរិបទកូវីដ-១៩។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏សំខាន់របស់ក្រសួងសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីជំរុញឱ្យការងារមានស្តង់ដាអន្តរជាតិ។
សូមរំលឹកផងដែរថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការយ៉ាងល្អប្រសើរដើម្បីសិក្សា និងពិសោធន៍រកមេរោគផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ជំងឺឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ភាពស៊ាំជាមួយថ្នាំផ្សះ ជំងឺរបេង ជំងឺផ្តាសាយបក្សី ជំងឺរលាកថ្លើម មេរោគហ៊ីវ-ជំងឺអេដស៍ និងមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា និងការរៀបចំយុទ្ធទប់ស្កាត់ នឹងមេរោគដទៃទៀត ប្រកបដោយប្រសិទ្ធភាព និងគុណភាពត្រឹមត្រូវផងដែរ៕
អត្ថបទ រដ្ឋា