ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច ៥នាក់ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ និងទីក្រុងគី បានបើកការវាយប្រហារដោយយានដ្រូនទៅវិញទៅ មក នៅពេលយប់។
យោងតាមអភិបាលតំបន់ បានឲ្យដឹងថា មនុស្ស ៤នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Mykolaiv ភាគខាងត្បូង ខណៈម្នាក់ទៀត បានស្លាប់នៅក្នុងទីក្រុង Zaporizhzhia ក្នុងការវាយប្រហារ ដែលអាជ្ញាធរបាននិយាយថា មនុស្សរាប់សិបនាក់ បានរងរបួស។
នៅព្រឹកថ្ងៃចន្ទនេះ អភិបាលក្រុង Mykolaiv លោក Vitaly Kim បាននិយាយនៅលើ Telegram ថា៖«មនុស្ស ៤នាក់ ត្រូវបានសម្លាប់» ដោយបានពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់មុននេះ បន្ទាប់ពីការវាយប្រហារ ដែលបានបណ្តាលឲ្យឆេះអគារលំនៅឋានជាច្រើន។
៣០០ គីឡូម៉ែត្រ (១៨៥ម៉ាយ) ទៅភាគខាងកើតក្នុងទីក្រុង Zaporizhzhia ទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសចំនួនបីដែលបានសម្លាប់បុរសម្នាក់ និងធ្វើឲ្យខូចខាតអគារជាច្រើន។
អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov បាននិយាយថា មនុស្ស ១៨នាក់ បានរងរបួស ក្នុងនោះមានកុមារ ៥នាក់។

