សមាជិកសភាជប៉ុន នៅថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) នេះ បានបោះឆ្នោតឲ្យនាយករដ្ឋមន្ត្រី លោក Shigeru Ishiba បន្តធ្វើជាមេដឹកនាំរបស់ប្រទេសទៀត បន្ទាប់ពីក្រុមចម្រុះរបស់លោកដែលត្រូវខូចកេរ្តិ៍ឈ្មោះដោយសាររឿងអាស្រូវ បានបាត់បង់សំឡេងភាគច្រើន ក្នុងសភា នៅក្នុងការបោះឆ្នោតសភាជាន់ទាប កាលពីខែមុន។
លោក Ishiba ដែលបានប្រកាសពីការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី១ ខែតុលា ឥឡូវនេះត្រូវតែគ្រប់គ្រងរដ្ឋាភិបាលសំឡេងភាគតិចដ៏ផុយស្រួយ ក្នុងអំឡុងពេលដែលអ្នកគាំពារនិយម លោក Donald Trump វិលត្រឡប់ទៅកាន់តំណែងវិញ នៅសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសំខាន់ ភាពតានតឹងកើនឡើងជាមួយគូប្រជែងចិន និងកូរ៉េខាងជើង ហើយសម្ពាធក្នុងស្រុក មានកាន់តែខ្លាំងឡើងៗ ដែលតម្រូវឲ្យទប់ទល់នឹងការចំណាយខ្ពស់នៃការរស់នៅ។
គណបក្សប្រជាធិបតេយ្យសេរី និងដៃគូចម្រុះរបស់លោក គឺគណបក្ស Komeito បានឈ្នះអាសនៈយ៉ាងច្រើន នៅក្នុងការបោះឆ្នោត ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើន ដែលពួកគេទទួលបានចាប់តាំងពីឆ្នាំ២០១២ ដោយធ្វើឲ្យលោកត្រូវពឹងលើការគាំទ្ររបស់គណបក្សប្រឆាំងតូចៗ ដើម្បីអនុម័តរបៀបវារៈគោលនយោបាយរបស់លោក។
ដោយគូសបញ្ជាក់ភាពផុយស្រួយនោះ ការបោះឆ្នោតនាថ្ងៃចន្ទនេះ នៅក្នុងសភា ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ បានឈានដល់ការបោះឆ្នោតជុំទី២ ជាលើកដំបូង ក្នុងរយៈពេល ៣០ឆ្នាំ ដោយមិនមានបេក្ខជនណាអាចទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងជុំទី១ នោះឡើយ។
ប៉ុន្តែនៅទីបំផុត លោក Ishiba បានទទួលជ័យជម្នះដូចការរំពឹងទុក ដោយទទួលបាន ២២១សំឡេង ដែលឈ្នះដាច់លើគូប្រជែងដ៏ប្រៀកប្រកិតបំផុតរបស់លោក គឺអតីតនាយករដ្ឋមន្ត្រី លោក Yoshihiko Noda ជាប្រធានគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ (CDP) ដែលជាគណបក្សប្រឆាំងដ៏ធំ ប៉ុន្តែនៅតែខ្វះសំឡេងភាគច្រើនក្នុងសភាជាន់ទាបដែលមានចំនួន ៤៦៥អាសនៈ។
គួរបញ្ជាក់ថា ប្រទេសជប៉ុននឹងរៀបចំការបោះឆ្នោតនាឆ្នាំក្រោយ សម្រាប់សភាជាន់ខ្ពស់ដែលមិនសូវមានអំណាច ជាទីដែលសំឡេងភាគច្រើនតិចតួចរបស់ក្រុមចម្រុះដែលកំពុងកាន់អំណាច ក៏អាចប្រឈមនឹងហានិភ័យផងដែរ ប្រសិនបើលោក Ishiba មិនអាចស្តារឡើងវិញបានទេនូវទំនុកចិត្តសាធារណៈដែលត្រូវប៉ះពាល់ដោយសាររឿងអាស្រូវ ជុំវិញការបរិច្ចាគដែលមិនបានកត់ត្រាទុកដល់សមាជិកសភា៕

