សហរដ្ឋអាមេរិក នាសប្តាហ៍នេះ នឹងសម្រេចថា តើអ៊ីស្រាអែលបានធ្វើឲ្យមានភាពល្អប្រសើរដែរ ឬទេ ក្នុងការឆ្ពោះទៅរកការកែលម្អស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប និងថា តើទីក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបយ៉ាងដូចម្ដេច ខណៈដែលអ៊ីស្រាអែលបានចាប់ផ្តើមលើកឡើងពីករណីនេះ។ នេះបើតាមសម្ដីរបស់ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan ដែលនិយាយកាលពីថ្ងៃអាទិត្យ (ទី១០ ខែវិច្ឆិកា)។
នៅក្នុងលិខិតមួយកាលពីថ្ងៃទី១៣ ខែតុលា ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់អ៊ីស្រាអែលថា សម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកមួយនេះ ត្រូវតែចាត់វិធានការក្នុងរយៈពេល ៣០ថ្ងៃ តាមរយៈវិធានការជាបន្តបន្ទាប់ ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹងការរឹតបន្តឹងការផ្ដល់ជំនួយផ្នែកយោធារបស់អាមេរិក។
លោក Sullivan បានប្រាប់កម្មវិធី «Face the Nation» របស់ប្រព័ន្ធផ្សព្វផ្សាយ CBS ថា៖ «សប្តាហ៍នេះ យើងនឹងធ្វើការវិនិច្ឆ័យរបស់យើង អំពីវឌ្ឍនភាពកម្រិតណាដែលពួកគេបានធ្វើ។ ហើយបន្ទាប់មករដ្ឋមន្ត្រី លោក Austin រដ្ឋមន្ត្រី លោក Blinken និងលោកប្រធានាធិបតី នឹងធ្វើការវិនិច្ឆ័យ អំពីអ្វីដែលយើងត្រូវធ្វើជាការឆ្លើយតប ហើយខ្ញុំនឹងមិនមានព័ត៌មានលម្អិត នៅមុនការសម្រេចនោះទេ»។
គួរបញ្ជាក់ថា COGAT ជាទីភ្នាក់ងារយោធាអ៊ីស្រាអែលដែលទទួលបន្ទុកដោះស្រាយកិច្ចការស៊ីវិលប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យ បានចេញផ្សាយបញ្ជីនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់អ៊ីស្រាអែល ក្នុងរយៈពេល ៦ខែកន្លងមកនេះ «គូសបញ្ជាក់ពីគំនិតផ្តួចផ្តើមថ្មីៗ និងលម្អិតអំពីផែនការ ដើម្បីបន្តគាំទ្រដល់តំបន់ហ្កាហ្សា ខណៈដែលរដូវរងាខិតជិតមកដល់»៕

