រដ្ឋបាលកោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) នេះ បាននិយាយថា មិនមាន «ដំណាក់កាលនៃការចរចា» ថ្មីជាមួយសហរដ្ឋអាមេរិកទេ នាពេលនេះ ខណៈដែលកោះនេះគិតគូររិះរកពីវិធីល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការទាមទារពីមុនរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ដែលតម្រូវឲ្យទីក្រុងតៃប៉ិបង់ប្រាក់ សម្រាប់ការការពារ។
គួរបញ្ជាក់ថា លោក Trump ដែលបានឈ្នះអាណត្តិទី២ ជាប្រធានាធិបតី កាលពីសប្តាហ៍មុននោះ បានផ្ដល់ការព្រមានដល់កោះតៃវ៉ាន់គ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានទាមទារដោយប្រទេសចិន ដោយលោកបាននិយាយថា កោះនេះគួរតែបង់ប្រាក់ឲ្យសហរដ្ឋអាមេរិក សម្រាប់ការការពារ ហើយថា កោះនេះបាននាំយកអាជីវកម្មបន្ទះឈីបពីអាមេរិក។
តែយ៉ាងណាក្ដី លោក Trump មិនបានចង្អុលបង្ហាញអំពីអ្វី ដែលលោកមានន័យចង់ឲ្យកោះតៃវ៉ាន់ត្រូវចំណាយលើការការពារនោះ ប៉ុន្តែវាអាចមានន័យថា ទីក្រុងតៃប៉ិត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងជាមួយនឹងកិច្ចព្រមព្រៀងអាវុធថ្មី នៅដើមដំបូងនៃការគ្រប់គ្រងរបស់លោក។ នេះបើតាមករលើកឡើងពីបុគ្គលដែលពីការគិតរបស់រដ្ឋាភិបាលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងអ្វីដែលខ្លួនបាននិយាយថា គឺជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថា រដ្ឋាភិបាលគ្រោងទិញអាវុធក្នុងទំហំដ៏ធំពីសហរដ្ឋអាមេរិកនោះ ការិយាល័យមេដឹកនាំរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា នៅក្នុងការប្រឈមមុខជាមួយនឹងការគំរាមកំហែងផ្នែកយោធារបស់ចិន កោះតៃវ៉ាន់ និងប្រទេសជិតខាង បានបន្តពង្រឹងការរារាំងផ្នែកការពារជាតិរបស់ពួកគេ។ ការិយាល័យនេះ បានបន្ថែមថា នេះ «ជាការបង្ហាញពីការប្ដេជ្ញាចិត្តការពារខ្លួនដោយខ្លួនឯង»៕

