អ្នកនាំពាក្យម្នាក់របស់ក្រុមហេសបូឡា នៅថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថា ក្រុមមិនទាន់បានទទួលសំណើណាមួយ ស្តីពីបទឈប់បាញ់ នៅលីបង់នោះទេ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានប្រាប់ថា កិច្ចខិតខំប្រឹងប្រែងការទូត បាន «ដំណើរការទៅមុខយ់ាងល្អប្រសើរ» ហើយចំពេលមានប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើបទឈប់បាញ់។
ក្នុងសន្និសីទសារព័ត៌មាន នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡា លោក Mohammad Afif បាននិយាយថា៖ «រហូតមកដល់ពេលនេះ យោងតាមព័ត៌មានរបស់ខ្ញុំ មិនមានមន្ត្រីណាម្នាក់ បានទាក់ទងទងទៅប្រទេសលីបង់ ឬពួកយើង ពាក់ព័ន្ធនឹងរឿងនេះទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំជឿថា យើងនៅតែស្ថិតក្នុងដំណាក់កាលជ្រើសរើសជម្រើសនានា និងបង្ហាញគំនិតដំបូង និងការពិភាក្សាសកម្ម ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានអ្វីពិតប្រាកដនៅឡើយទេ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយនៅថ្ងៃចន្ទនេះថា មានភាពរីកចម្រើនក្នុងកិច្ចចរចាបទឈប់បាញ់ នៅលីបង់ ប៉ុន្តែថា ការអនុវត្ត នៅតែជាធាតុសំខាន់បំផុត៕

