ប្រទេសទួរគីកំពុងជំរុញឲ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះក្រុមសកម្មប្រយុទ្ធឃឺដ នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមការអត្ថាធិប្បាយពីបណ្ដាមេដឹកនាំរបស់ប្រទេសនេះ ក្នុងនោះរួមទាំងប្រធានាធិបតី លោក Tayyip Erdogan ដែលបានលើកឡើងម្តងទៀតនូវលទ្ធភាពនៃការវាយលុកឆ្លងព្រំដែនថ្មី។
រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan នៅថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) នេះ បាននិយាយថា៖ «យើងកំពុងរំលឹកសមភាគីអាមេរិករបស់យើងរឿយៗថា ពួកគេត្រូវបញ្ឈប់កិច្ចសហប្រតិបត្តិការដែលពួកគេមានជាមួយអង្គការភេរវករ នៅក្នុងប្រទេសស៊ីរី»។ លោកបានបន្ថែមថា៖ «ការលើកឡើងរបស់យើងសំដៅដល់បញ្ហានេះ បានកើនឡើងកាន់តែខ្លាំងជាងមុន។ ហើយយើងក៏ឃើញថា ភាគីសហរដ្ឋអាមេរិកចាប់អារម្មណ៍លើការពិភាក្សា និងការចរចាបន្ថែមទៀតផងដែរ»។
កាលពីថ្ងៃអាទិត្យ លោក Erdogan បាននិយាយថា ទួរគីអាចធ្វើការវាយលុកថ្មីមួយទៅកាន់ភាគខាងជើងស៊ីរី ដើម្បីបង្កើតតំបន់សុវត្ថិភាពថ្មី នៅតាមព្រំដែនរបស់ខ្លួន បន្ទាប់ពីបាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងពិភាក្សាអំពីការដែលអាចដកទ័ពអាមេរិកចេញពីប្រទេសស៊ីរី ជាមួយប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump។
គួរបញ្ជាក់ថា ភាពរកាំរកូសនានា នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងទួរគី រួមមានទាំងការគាំទ្ររបស់សហរដ្ឋអាមេរិកដល់កងជីវពលឃឺដ YPG ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរដ្ឋអ៊ិស្លាម នៅស៊ីរី។ ទីក្រុង Ankara បានហៅអង្គការនេះថា ជាអង្គការភេរវករ និងជាអង្គភាពរបស់គណបក្សខុសច្បាប់ គឺបក្សពលករឃឺដ (PKK) ដែលសហរដ្ឋអាមេរិកក៏ចាត់ទុកក្រុមនេះថា ជាភេរវករផងដែរ៕

