គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង បានស្នើនូវច្បាប់បន្ទះឈីបពិសេសមួយ នាថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) នេះ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងការលើកលែងពីការរឹតបន្តឹងថ្នាក់ជាតិ ជុំវិញម៉ោងធ្វើការ ដើម្បីដោះស្រាយហានិភ័យដែលអាចកើតមានពីវិធានការ ដែលត្រូវបានគំរាមកំហែងដោយប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក គឺលោក Donald Trump។
គួរបញ្ជាក់ថា ឧស្សាហកម្មបន្ទះអេឡិចត្រូនិក ឬបន្ទះឈីប មានសារៈសំខាន់ សម្រាប់សេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម ពោលគឺមានលំដាប់ថ្នាក់ធំបំផុតទី៤ របស់អាស៊ី ដោយបន្ទះឈីបតំណាងឲ្យ ១៦ភាគរយនៃការនាំចេញសរុប កាលពីឆ្នាំមុន។
កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានព្រមានពីហានិភ័យដែលកើតចេញពីការគំរាមកំហែងរបស់លោក Trump ចំពោះការយកពន្ធខ្ពស់លើការនាំចូលរបស់ចិន ដែលអាចជំរុញឲ្យគូប្រជែងចិនទម្លាក់តម្លៃនាំចេញ និងប៉ះពាល់ដល់ក្រុមហ៊ុនបន្ទះឈីបរបស់កូរ៉េខាងត្បូង នៅក្រៅប្រទេស។
សេចក្តីស្នើច្បាប់ដែលត្រូវការការគាំទ្រពីគណបក្សប្រឆាំងដ៏ធំ ដើម្បីទទួលបានការអនុម័ត កើតមានឡើង ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីប ដូចជា Samsung Electronics ក៏ជួបប្រទះផងដែរនូវការប្រកួតប្រជែងពីគូប្រជែងដែលកើនឡើងជាលំដាប់ នៅក្នុងប្រទេសនានា ដូចជា ចិន កោះតៃវ៉ាន់ និងប្រទេសផ្សេងៗទៀត៕


