វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) នេះ បានបដិសេធរបាយការណ៍ដែលថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក គឺលោក Donald Trump បាននិយាយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងរយៈប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបាននិយាយថា លោក Putin មិនទាន់មានផែនការច្បាស់លាស់ ដើម្បីនិយាយជាមួយលោក Trump នៅឡើយទេ។
គួរបញ្ជាក់ថា សារព័ត៌មាន Washington Post បានរាយការណ៍ដំបូងគេថា ការនិយាយនេះ បានកើតមានឡើង ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ហើយបានឲ្យដឹងថា លោក Trump បានប្រាប់លោក Putin ថា លោកមិនគួរធ្វើឲ្យសង្គ្រាមអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើងនោះទេ។ សារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរ អំពីការជជែកគ្នានេះ ដោយដកស្រង់ប្រភពមិនបញ្ចេញអត្តសញ្ញាណដូចគ្នា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះគឺជារឿងមិនពិតទាល់តែសោះ។ នេះគឺជាការប្រឌិដ្ឋសុទ្ធសាធ។ វាគ្រាន់តែជាព័ត៌មានមិនពិតប៉ុណ្ណោះ។ មិនមានការជជែកគ្នានោះទេ។ នេះគឺជាឧទាហរណ៍ជាក់ស្តែងបំផុតនៃគុណភាពរបស់ព័ត៌មានដែលកំពុងត្រូវបានផ្សព្វផ្សាយឥឡូវនេះ ជួនកាល សូម្បីតែពីប្រព័ន្ធផ្សព្វផ្សាយដែលមានកេរ្តិ៍ឈ្មោះក៏ដោយ»។
នៅពេលត្រូវបានសួរថា តើលោក Putin មានផែនការសម្រាប់ការទាក់ទងណាមួយជាមួយលោក Trump ដែរ ឬទេ លោក Peskov បានឆ្លើយថា៖ «មិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ»៕

