រតនគិរី ៖ ជំនន់ទឹកភ្លៀងកំពុងវាយប្រហារនៅស្រុកចំនួន៥ នៃខេត្តរតនគិរី ដោយប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង ២ពាន់គ្រួសារ ហើយអាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន ៧៧គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព ។
ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះក្នុងបណ្ដាញសង្គមថា ស្រុកទាំង៥ ដែលរងគ្រោះដោយទឹកជំនន់នោះ គឺស្ថិតនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសាន ក្នុងនោះមានស្រុកលំផាត់ តាវែង អណ្តូងមាស កូនមុំ និងស្រុកអូរយ៉ាដាវ ។
ឯកឧត្តម បានបន្តថា បញ្ហាទឹកជំនន់នេះ ធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងពលរដ្ឋចំនួន ៩៨២ខ្នង,សាលារៀនចំនួន ៥ខ្នង, វត្តអារាមចំនួន ៣កន្លែង, តូបលក់ឥវ៉ាន់ចំនួន ៧៥តូប រោងជាងសិប្បកម្មផ្សេងៗចំនួន ១៣កន្លែង, ប៉ះពាល់ស្រែចំនួនជាង ១០០០ ហិកតា និងជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពមួយចំនួន ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ថែមថា ទឹកជំនន់បានលិចលង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ រួមមាន ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥.៦០០ម៉ែត្រ, ស្ពានបេតុងចំនួន ១១កន្លែង, លូកាត់ផ្លូវចំនួន ១១កន្លែង និងខូចខាត ១កន្លែង, អណ្តូងស្នប់ចំនួន ៩៣អណ្តូង, អណ្តូងលូចំនួន ៣៦៨អណ្តូង និងបង្គន់អនាម័យចំនួន ៤៨១បង្គន់ ៕




