ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយ កាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប បានផ្តល់គ្រាប់កាំភ្លើងធំជាង៩៨០.០០០គ្រាប់ទៅឲ្យអ៊ុយក្រែន សម្រាប់សង្គ្រាមជាមួយរុស្ស៊ី ហើយមានផែនការអនុម័តដល់ចំនួន១លានគ្រាប់ នៅចុងឆ្នាំនេះ។

ដំបូងឡើយ សហភាពអឺរ៉ុប បានកំណត់ដើម្បីផ្តល់គ្រាប់កាំភ្លើងធំ១៥៥មីល្លីម៉ែត្រចំនួន១លានគ្រាប់ នៅខែមីនាឆ្នាំ២០២៤ ប៉ុន្តែ ក្រោយមកមន្ត្រី បាននិយាយថា សមត្ថភាពផលិតមិនបានគ្រប់គ្រាន់ដើម្បីបំពេញតាមគោលដៅ នោះទេ។

លោក Borrell បានប្រាប់សារព័ត៌មានថា «ខ្ញុំដឹងថា យើងបានប្តេជ្ញាចិត្តដើម្បីឈានដល់កម្រិតនេះ នៅនិទាឃរដូវ ប៉ុន្តែយើងបានបរាជ័យ ហើយទោះជាយ៉ាងណា យើងអាចធ្វើវាបាននៅចុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីប្រទេសឆែក លោក Petr Fiala បាននិយាយថា គំនិតផ្តួចផ្តើមដាច់ដោយឡែកមួយ ដឹកនាំដោយទីក្រុងប្រាក(Prague) សាធារណរដ្ឋឆែក នឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន៥០០.០០០ គ្រាប់ទៅឱ្យអ៊ុយក្រែន នៅចុងឆ្នាំនេះ។
អ៊ុយក្រែន បាននិងកំពុងបង្កើនផលិតកម្មការពារជាតិក្នុងស្រុក ដើម្បីព្យាយាមកាត់បន្ថយការពឹងផ្អែកលើជំនួយយោធាពីប្រទេសសម្ព័ន្ធមិត្ត និងធានាបានការផ្គត់ផ្គង់ ឲ្យទាន់ពេលវេលា។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសព្វាវុធ របស់ទីក្រុងគីវ បាននិយាយថា អ៊ុយក្រែនបានបង្កើនការផលិតគ្រាប់កាំភ្លើងត្បាល់ ពីចំណុចសូន្យមុនពេលការឈ្លានពានរបស់រុស្ស៊ី រហូតទទួលបានដល់រាប់លានគ្រាប់ក្នុងមួយឆ្នាំ ពេលបច្ចុប្បន្ននេះ។