អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា ពិភពលោកកំពុងកើនឡើងកម្ដៅខ្លាំងដ៏គ្រោះថ្នាក់ ហើយបម្រែបម្រួលអាកាសធាតុកំពុងកើនឡើងខ្លាំង ខណៈកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP29 របស់អង្គការសហប្រជាជាតិ បានចាប់ផ្តើមនៅទីក្រុងបាគូ(Baku) ប្រទេសអាស៊ែបៃហ្សង់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

របាយការណ៍ចុងក្រោយនៃស្ថានភាពអាកាសធាតុពិភពលោករបស់អង្គការឧតុនិយមពិភពលោក សម្រាប់ឆ្នាំ ២០២៤នេះ បង្ហាញថាទសវត្សរ៍ចុងក្រោយនេះ គឺក្តៅបំផុតក្នុងកំណត់ត្រា។

យោងតាមអគ្គលេខាធិការលោកស្រី សេឡេស សាវឡូ (Celeste Saulo) នេះជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានព្យាករណ៍។

លោកស្រីបាននិយាយថា នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ។ ហើយយើងត្រូវតែទទួលស្គាល់ថាក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់រឿងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ អាចជាង៣០ ឆ្នាំ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺភាពយឺតយ៉ាវក្នុងប្រតិកម្មឆ្លើយតប។

របាយការណ៍ពី WMO មានឡើងក្រោយការបញ្ចេញទិន្នន័យចុងក្រោយពីសេវាតាមដានបម្រែបម្រួលអាកាស Copernicus Climate Change Service (C3S) ដែលកាលពីសប្តាហ៍មុនបានប្រកាសថាឆ្នាំ ២០២៤នេះ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។
ក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅឯកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ បាននិយាយថា សីតុណ្ហភាពពិភពលោកបានកើនឡើងរួចទៅហើយក្នុងរង្វង់១,៣អង្សាសេ បើប្រៀបធៀបទៅនឹងមធ្យមភាគមុនសម័យឧស្សាហកម្ម។ ពិភពលោកកំពុងជួបប្រទះនឹងសីតុណ្ហភាពលើផ្ទៃសមុទ្រមិនធ្លាប់មាន ការរលាយនៃផ្ទាំងទឹកកក គ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរ ដូចដែលបានឃើញនៅក្នុងប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ៕