យោងតាមការស្ទង់មតិថ្មីមួយបានឱ្យដឹងថា ស្ទើរតែពាក់កណ្តាលនៃក្រុមគ្រួសារទាំងនៅក្នុង និងជុំវិញទីក្រុងញូវដេលី បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ជំងឺផ្លូវដង្ហើមដែលទាក់ទងនឹងកង្វក់ខ្យល់ (ការបំពុលខ្យល់) យ៉ាងធ្ងន់ធ្ងរបំផុតក្នុងពិភពលោកដែលគ្របដណ្តប់រដ្ឋធានីរបស់ឥណ្ឌាមួយនេះ។

ប្រហែល ៨១% នៃអ្នកឆ្លើយតបទៅនឹងកម្រងសំណួរដោយក្រុមស្ទង់មតិ ឡូខលសើខល (LocalCircles) បានរាយការណ៍ថា សមាជិកក្រុមគ្រួសារមួយ ឬច្រើន កំពុងជួបប្រទះនឹងជំងឺដែលទាក់ទងនឹងផលប៉ះពាល់នៃខ្យល់ពុល។

គ្រួសារចំនួន៤ ក្នុងចំណោម១០ បានពិគ្រោះជាមួយវេជ្ជបណ្ឌិត ហើយក្នុងករណីធ្ងន់ធ្ងរបំផុតគឺទៅមន្ទីរពេទ្យដោយផ្ទាល់។ ក្នុងសំណួរដាច់ដោយឡែកមួយ អ្នកឆ្លើយតបពាក់កណ្តាលបាននិយាយថា ក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ពួកគេបានទិញឱសថ ឬបរិក្ខាសុខភាពផ្សេងៗរួមមាន ម៉ាស ស៊ីរ៉ូក្អក បំពង់ហឺត និងក្នុងករណីខ្លះ គឹថ្នាំអង់ទីប៊ីយោទិច (ថ្នាំប្រឆាំងបាក់តេរី)។

លទ្ធផលស្ទង់មតិបានគូសបញ្ជាក់ពីហានិភ័យ ដែលភាពសឹករិចរិលនៃបរិស្ថានបានបង្កផលលំបាកសម្រាប់រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) ខណៈខ្លួនស្វះស្វែងរកការពង្រីកសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ៕