ប្រទេសហ្វីលីពីនបានចេញការព្រមានអំពីអាកាសធាតុថ្មីមួយទៀតនៅថ្ងៃអង្គារទី១២វិច្ឆិកានេះ ខណៈព្យុះទីហ្វុងធំទី៥ក្នុងរយៈពេលបីសប្តាហ៍បានបោកបក់លើប្រជុំកោះនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញមុនព្យុះទីហ្វុង តូរ៉ាជី (Toraji) ហើយមកដល់ពេលនេះ មនុស្សប្រហែល១៥.០០០នាក់នៅតែស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ភាគច្រើនគ្រប់គ្រងដោយរដ្ឋាភិបាល។ឥឡូវនេះព្យុះត្រូពិកមានកម្លាំងខ្សោយTorajiបានបក់បោកទៅសមុទ្រពេញមួយយប់បន្ទាប់ពីបានបង្កការខូចខាតតិចតួច ហើយពុំមានរបាយការណ៍ថាមានមនុស្សស្លាប់នោះទេ។

ទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថា ព្យុះត្រូពិកយ៉ូសាគី(Usagi) ឥឡូវនេះកំពុងបោកបក់នៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសនេះ។រដ្ឋាភិបាលបាននិយាយថា ខ្លួនបានជម្លៀសមនុស្សជាង៣២.០០០នាក់ចេញពីតំបន់ងាយរងគ្រោះនៅភាគខាងជើងប្រទេសហ្វីលីពីន មុនវាយប្រហារដីគោកកាលពីថ្ងៃចន្ទរបស់ព្យុះ Toraji ប៉ុន្មានសប្តាហ៍បន្ទាប់ពីព្យុះត្រូពិកដ៏ធ្ងន់ធ្ងរ Trami ព្យុះទីហ្វុង Yinxing និងព្យុះទីហ្វុងដ៏មានឥទ្ធិពលកង្រី(Kong-rey)បានសម្លាប់មនុស្សសរុប ១៥៩នាក់។

ភាគច្រើននៃចំនួនអ្នកស្លាប់សរុប គឺនៅអំឡុងការវាយប្រហារពីព្យុះTrami ដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដីជាដើម។
សេវាអាកាសធាតុបាននិយាយថា កម្លាំងខ្យល់បោកបក់ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោងរបស់ព្យុះ យ៉ូសាគី អាចនឹងចាប់ផ្តើមបក់បោកបង្កឲ្យមានរលកធំៗនៅតាមបណ្តោយឆ្នេរសមុទ្រភាគឦសាននៅល្ងាចថ្ងៃអង្គារនេះ មុនពេលមានការរំពឹងទុកថាព្យុះស៊ីក្លូននេះនឹងវាយប្រហារដីគោកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនឹងបង្កើនកម្លាំងទៅជាព្យុះទីហ្វុង។

គួរឲ្យដឹងថា ព្យុះ និងព្យុះទីហ្វុងធំៗប្រហែល ២០ បានវាយប្រហារប្រទេសប្រជុំកោះ ឬដែនទឹកព័ទ្ធជុំវិញរបស់ប្រទេសកោះនេះជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងបណ្ដាលឱ្យមនុស្សរាប់លាននាក់ស៊ូទ្រាំក្នុងភាពក្រីក្រយូរអង្វែង៕