រូបថតផ្កាយរណបដែលវិភាគដោយសារព័ត៌មាន AP បានបង្ហាញថា អ៊ីស្រាអែលបានចាប់ផ្តើមគម្រោងសាងសង់មួយនៅតាមបណ្តោយខ្សែបន្ទាត់អាល់ហ្វា ដែលខណ្ឌចែកទឹកដីអ៊ីស្រាអែលកាន់កាប់គឺតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ជាមួយនឹងប្រទេសស៊ីរី ដែលជាការបែងចែកជាក់ស្តែងសម្រាប់ផ្លូវនៅតាមបណ្តោយព្រំដែន។

កងទ័ពអ៊ីស្រាអែលបានចូលទៅក្នុងតំបន់គ្មានយោធាក្នុងអំឡុងពេលធ្វើការនេះ អង្គការសហប្រជាជាតិបានបញ្ជាក់ប្រាប់ AP ដែលជាការរំលោភលើច្បាប់ឈប់បាញ់ដែលគ្រប់គ្រងតំបន់នោះ។

ការងារសាងសង់ ដែលរូបថតផ្កាយរណបពីមុនបានបង្ហាញថាចាប់ផ្តើមនៅចុងខែកញ្ញា បានកើតឡើងបន្ទាប់ពីការបញ្ចប់សាងសង់ផ្លូវថ្មីរបស់យោធាអ៊ីស្រាអែល និងជាអ្វីដែលហាក់ដូចជាតំបន់ទ្រនាប់ តាមបណ្តោយព្រំដែនហ្កាហ្សាស្ទ្រីប ជាមួយអ៊ីស្រាអែល។ យោធាអ៊ីស្រាអែលក៏បានចាប់ផ្តើមវាយកម្ទេចភូមិនានាក្នុងប្រទេសលីបង់ ជាទីដែលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រងការបាញ់ប្រហារ។
រហូតមកដល់ពេលនេះ មិនទាន់មានអំពើហឹង្សាណាមួយកើតឡើងនៅតាមខ្សែបន្ទាត់អាល់ហ្វា ដែលកំណត់តំបន់គ្មានយោធារវាងស៊ីរី និងទឹកដីកាន់កាប់ដោយអ៊ីស្រាអែល ដែលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានល្បាតតាំងពីឆ្នាំ១៩៧៤ មកនោះទេ។

ស៊ីរី ដែលមានសង្រ្គាមជាមួយអ៊ីស្រាអែលចាប់តាំងពីការបង្កើតប្រទេសក្នុងឆ្នាំ១៩៤៨ និងកំពុងពឹងផ្អែកលើអ៊ីរ៉ង់សម្រាប់ការគាំទ្រ បានរក្សាភាពស្ងៀមស្ងាត់ទាក់ទងនឹងការសាងសង់នេះ ប៉ុន្តែតំបន់ខ្ពង់រាប Golan នៅតែជាចំណុចជម្លោះសម្រាប់ប្រទេសទាំងពីរ ដែលការផ្លាស់ប្តូរណាមួយនៅតាមព្រំដែនមានភាពរសើបជាខ្លាំង៕