ពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់សង្រ្គាម ហ្កាហ្សា ដែលជួបការលំបាកក្នុងការចិញ្ចឹមជីវិតដោយសារតែពុំមានជំនួយស្បៀងអាហារ មានអារម្មណ៍ថាត្រូវពិភពលោកបោះបង់ចោល។ ពួកគេគិតថាការស្លាប់គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបញ្ចប់ការរងទុក្ខឥតស្រាកស្រាននេះ បន្ទាប់ពីសង្គ្រាមអស់រយៈពេលមួយឆ្នាំដែលបានប្រែក្លាយតំបន់ហ្គាហ្សា ទៅជាដែនដីដ៏ខ្ទេចខ្ទាំ ពោរពេញដោយភាពអត់ឃ្លាន។

ស្រ្តីជាម្តាយម្នាក់ដែលមានកូន ៧នាក់នៅតំបន់ហ្កាហ្សាបាននិយាយថា "ឱ្យពួកគេទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ហើយបញ្ចប់គ្រប់យ៉ាងទៅ។ យើងមិនចង់បានជីវិតដែលរស់ដូចស្លាប់បែបនេះទេ សូមមេត្តាដល់ពួកយើងផង។ មើលក្មេងៗដែលស្គមស្គាំងទាំងនេះចុះ.... សេចក្ដីស្លាប់ប្រហែលជារឿងល្អបំផុតដើម្បីផុតទុក្ខ"។

ក្មេងៗភាគច្រើននៅក្នុងតំបន់នានាទូទាំងហ្កាហ្សា សម្រុកទៅកន្លែងសប្បុរសធម៌ដែលពុំមានអាហារគ្រប់គ្រាន់ ដោយអស់សង្ឃឹមក្នុងការចិញ្ចឹមជីវិត។ បុគ្គលិកជំនួយចែកស៊ុបសណ្តែកនៅសេសសល់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេក្នុងការទប់ទល់នឹងភាពអត់ឃ្លាន និងបន្ធូរបន្ថយការភ័យស្លន់ស្លោដ៏រីករាលដាល។

រថយន្តដឹកជំនួយមនុស្សធម៌ត្រូវអនុញ្ញាតឱ្យចូលច្រកឆ្លងកាត់ អេរ៉េស (Erez) ទៅតំបន់ហ្កាហ្សាភាគខាងជើងកាលពីថ្ងៃចន្ទ ប៉ុន្តែអ្នកស្រុកត្អូញត្អែរថានោះមិនគ្រប់គ្រាន់ឡើយ។ អ្នកជំនាញផ្នែកសន្តិសុខស្បៀងសកល ព្រមានថា មាន "លទ្ធភាពខ្ពស់ខ្លាំង" ដែលទុរ្ភិក្សនឹងកើតមាននៅក្នុងផ្នែកខ្លះនៃភាគខាងជើងហ្កាហ្សា ខណៈអ៊ីស្រាអែល បន្តការវាយលុកយោធាប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅទីនោះ៕