តុលាការនៅរដ្ឋ វេស បេនហ្គាល់ (West Bengal) ភាគខាងកើតប្រទេសឥណ្ឌា បានចាប់ផ្តើមការកាត់ក្តីកាលពីថ្ងៃចន្ទ (១១ វិច្ឆិកា) លើបុគ្គលិកស្ម័គ្រចិត្តរបស់នគរបាលម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសម្លាប់គ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងខែសីហា ដែលបានបង្កឱ្យមានការខឹងសម្បារចំពោះកង្វះសុវត្ថិភាពសម្រាប់ស្ត្រីនៅក្នុងប្រទេសឥណ្ឌា។

គួររម្លឹកថា សាកសពស្ត្រីម្នាក់នេះត្រូវបានគេប្រទះឃើញនៅក្នុងថ្នាក់រៀនមួយនៅសាលាវេជ្ជសាស្រ្ត និងជាមន្ទីរពេទ្យ ឈ្មោះថា R.G. Kar Medical College ក្នុងរដ្ឋធានីរបស់រដ្ឋគឺទីក្រុង កុលកាតា (Kolkata) កាលពីថ្ងៃទី០៩ ខែសីហា ខណៈមានការចាប់ខ្លួននគរបាលស្ម័គ្រចិត្តម្នាក់ឈ្មោះ សានចាយ រ៉យ (Sanjay Roy) សម្រាប់ឧក្រិដ្ឋកម្មនេះ។

បទចោទប្រកាន់ត្រូវបានដាក់ចេញកាលពីសប្តាហ៍មុន ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ជនជាប់ចោទ Roy បានប្រកែកថាខ្លួន "ស្អាតស្អំទាំងស្រុង" ហើយត្រូវគេមួលបង្កាច់។ ករណីផ្លូវច្បាប់នេះបានធ្វើឱ្យមានការរិះគន់ជាថ្មីអំពីកំណត់ត្រាមិនល្អរបស់ឥណ្ឌា លើសុវត្ថិភាពស្ត្រី បើទោះបីជាមានច្បាប់តឹងរ៉ឹងជាងមុន បន្ទាប់ពីមានការចាប់រំលោភបូក និងសម្លាប់ស្ត្រីម្នាក់នៅលើរថយន្តក្រុងក្នុងទីក្រុង ញូវដេលី កាលឆ្នាំ២០១២ ក៏ដោយ។

រឿងដ៏ចម្រូងចម្រាស់នោះក៏បានបើកបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធមិនល្អ និងសន្តិសុខទន់ខ្សោយនៅមន្ទីរពេទ្យរដ្ឋរបស់ឥណ្ឌា ដែលភាគច្រើនខ្វះខាតសម្ភារៈបរិក្ខារមូលដ្ឋាន រួមទាំងកាមេរ៉ាសុវត្ថិភាព CCTV និងបុគ្គលិកសន្តិសុខជាដើម៕