រដ្ឋមន្ត្រីទទួលបន្ទុកសិទ្ធិជ្រកកោន និងទេសន្តរប្រវេសន៍ លោក Marjolein Faber បានប្រកាស កាលពីថ្ងៃចន្ទថា ប្រទេសហូឡង់ នឹងដាក់ការត្រួតពិនិត្យបន្ថែមទៀតជាបណ្តោះអាសន្ននៅតាមព្រំដែន ចាប់ពីថ្ងៃទី ៩ ខែធ្នូ ដើម្បីរឹតត្បិត «ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងការជួញដូរមនុស្ស»។
លោក Faber បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «វាដល់ពេលហើយដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងការរត់ពន្ធជនអន្តោប្រវេសន៍ ក្នុងវិធីជាក់ស្តែង»។
ការត្រួតពិនិត្យនៅព្រំដែន នឹងត្រូវបានអនុវត្តតាមរបៀបនៃការធ្វើចរាចរណ៍សេដ្ឋកិច្ច និងធ្វើដំណើរ នៅតាមតំបន់ព្រំដែន នឹងត្រូវបានរារាំងមួយចំនួន តាមដែលអាចធ្វើទៅបាន។
សេចក្តីថ្លែងការណ៍បាននិយាយថា «នៅតាមអាកាសយានដ្ឋាន ការគ្រប់គ្រងព្រំដែននឹងត្រូវបានអនុវត្ត តែលើជើងហោះហើរជាក់លាក់ ដែលមានហានិភ័យនៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ឬឧក្រិដ្ឋកម្មឆ្លងដែន»។ ចំណាត់ការនេះ ត្រូវបានស្នើឡើងដោយ លោក Faber ហើយត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសហូឡង់។
លោក Faber បានជូនដំណឹងជាបន្តបន្ទាប់ដល់គណៈកម្មការអឺរ៉ុប ក្រុមប្រឹក្សាអឺរ៉ុប រដ្ឋជាសមាជិកសហភាពអឺរ៉ុប និងសភាអឺរ៉ុប ដោយប្រកាន់ខ្ជាប់នូវតម្រូវការរបស់សហភាពអឺរ៉ុប សម្រាប់គោលនយោបាយឆ្លងកាត់ព្រំដែន។
សេចក្តីថ្លែងការណ៍បាននិយាយថា ការគ្រប់គ្រងថ្មីនៅព្រំដែន មានគោលបំណងកាត់បន្ថយលំហូរនៃជនអន្តោប្រវេសន៍មិនទៀងទាត់ចូលទៅក្នុងប្រទេសហូឡង់។
«ការដាក់ចេញ ការគ្រប់គ្រងព្រំដែន គឺជាវិធានការបណ្តោះអាសន្ន និងពិសេស ដែលរដ្ឋាភិបាលកំពុងមានចំណាត់ការសម្រាប់រយៈពេល៦ខែ»។