រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ម៉ិកស៊ិក លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានបង្ហើបកាលពីថ្ងៃចន្ទ (១១ វិច្ឆិកា) ថា រដ្ឋាភិបាលម៉ិកស៊ិក អាចសងសឹកជាមួយនឹងពន្ធផ្ទាល់របស់ខ្លួនលើការនាំចូលរបស់សហរដ្ឋអាមេរិក ប្រសិនបើរដ្ឋបាលថ្មីរបស់លោក Donald Trump ដំឡើងពន្ធលើការនាំចេញរបស់ម៉ិកស៊ិក។
លោក Ebrard បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍មួយ ដែលក្នុងនោះលោកលើកឡើងពីការគំរាមដាក់ពន្ធ ២៥% របស់ប្រធានាធិបតីជាប់ឆ្នោត លោក Trump លើទំនិញម៉ិកស៊ិក ក្នុងអំឡុងពេលអាណត្តិមុនរបស់លោកនៅក្នុងតំណែងសេតវិមាន ខណៈលោក Trump ក៏បានគម្រាមដាក់ពន្ធជាថ្មីម្ដងទៀតលើម៉ិកស៊ិក ក្នុងដំណើរយុទ្ធនាការឆ្នាំ២០២៤នេះ ដោយសំដៅលើការបញ្ឈប់លំហូរសារធាតុហ្វង់តានីល។
លោក Ebrard ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីការបរទេសម៉ិកស៊ិកក្នុងអំឡុងពេលការប៉ះទង្គិចជាមួយលោក Trump កាលពីមុននោះ បាននិយាយថា "ប្រសិនបើអ្នកដាក់ពន្ធ ២៥% លើយើង យើងត្រូវតែវអនុវត្តពន្ធតបវិញ។ ហើយនោះនាំឱ្យមានការចំណាយដ៏មហិមាសម្រាប់សេដ្ឋកិច្ចអាមេរិកខាងជើង"។
លោក Ebrard បានសង្កត់ធ្ងន់ថា ពន្ធគយនឹងបង្កើនអតិផរណានៅអាមេរិក ដែលលោកបានពិពណ៌នាថាជា "ដែនកំណត់សំខាន់" ហើយការជជែកសម្រុះសម្រួលគ្នាគប្បីធ្វើឡើងប្រឆាំងនឹងជម្លោះពាណិជ្ជកម្មសងសឹកទៅមកបែបនេះ៕