លោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយសម្រេចឃាត់ខ្លួន ក្រោយមន្ដ្រីសាកសួរ និងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម គឺស្ថិតក្នុងសំណុំរឿងសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីបែកធ្លាយនូវការសូកប៉ាន់នេះ លោក កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការឃាត់ខ្លួនលោក កន សុខកាយ គឺបន្ទាប់ពីក្នុងថ្ងៃដដែលនេះអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចឃាត់ខ្លួនលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដែលសូកប៉ាន់រត់ការយកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត នេះដែរ និងមានទឹកប្រាក់ប្រមាណជាង ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា