ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មទាំងស្រុងលើប្រទេសអ៊ីស្រាអែល និងការបញ្ចប់ការធ្វើពាណិជ្ជកម្ម នៅឯកិច្ចប្រជុំកំពូលរួមវិសាមញ្ញរបស់សម្ព័ន្ធអារ៉ាប់ នាប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា)។
ដោយបានអំពាវនាវឲ្យពិភពមូស្លីមឈររួបរួមគ្នាប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃចន្ទនោះ លោក Erdogan បានលើកឡើងថា៖ «ក្នុងនាមជាប្រទេសអ៊ិស្លាម យើងត្រូវធ្វើតួនាទីនាំមុខគេ ដែលអាចធ្វើបានប្រឆាំងនឹងអ៊ីស្រាអែល»។ លោកបានបញ្ជាក់ថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល បញ្ចប់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល និងដាក់ឲ្យអ៊ីស្រាអែលឯកោជាអន្តរជាតិ លុះត្រាការលុកលុយរបស់ប្រទេសនេះបញ្ចប់»។
លោក Erdogan បានបន្តហៅគំនិតនៃការឈានដល់ដំណោះស្រាយរដ្ឋ ២ ថា «មិនអាចទៅរួច» ឡើយ ដោយនិយាយថា ផ្នែកនៃដំណោះស្រាយ ពាក់ព័ន្ធនឹង «(ការជំរុញ) ប្រទេសបន្ថែមទៀតឲ្យទទួលស្គាល់ប៉ាឡេស្ទីន។ លោកបានរំលឹកឡើងវិញនូវជំនឿរបស់លោកថា ពិភពអ៊ិស្លាមគួរតែ «បង្ហាញពិភពលោកទាំងមូលថា ពួកគេមានសំឡេងតែមួយ»។
គួរបញ្ជាក់ថា បើយោងតាមអង្គការសហប្រតិបត្តិការអ៊ិស្លាម បានឲ្យដឹងថា កិច្ចប្រជុំកំពូលឆ្នាំ២០២៣ បានឃើញបណ្ដាប្រទេសដែលចូលរួមបានសម្រេចចាត់វិធានការអន្តរជាតិបន្ទាន់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាការហាមប្រាមដំបូង ជុំវិញការនាំចេញអាវុធ និងគ្រាប់រំសេវ៕