រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលដែលទើបតែងតាំងថ្មី លោក Israel Katz កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) បាននិយាយថា អ៊ីរ៉ង់ «ប្រឈមនឹងហានិភ័យច្រើនជាងពេលណាៗទាំងអស់ ពាក់ព័ន្ធនឹងការវាយប្រហារលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន»។
នៅលើបណ្ដាញសង្គម X លោក Katz បានបន្ថែមថា៖ «យើងមានឱកាសសម្រេចបាននូវគោលដៅដ៏សំខាន់បំផុតរបស់យើង ដើម្បីរារាំង និងលុបបំបាត់ការគំរាមកំហែងដែលមានស្រាប់ ចំពោះរដ្ឋអ៊ីស្រាអែល»។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ជាច្រើនឆ្នាំមកហើយថា ចង់បង្កើតអាវុធនុយក្លេអ៊ែរ តែសាធារណរដ្ឋអ៊ិស្លាមបានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងនេះ។
សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump ដែលបានជាប់ឆ្នោតឡើងវិញ កាលពីសប្តាហ៍មុន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចលោកខាងលិច ក្នុងនោះរួមទាំងទីក្រុងវ៉ាស៊ីនតោនផងដែរ ដែលបានព្យាយាមកម្រិតគោលបំណងបង្កើតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីស្រាអែល និងអ៊ីរ៉ង់បានវាយប្រហារសងសឹកគ្នាទៅវិញទៅមកដោយមីស៊ីល ដែលបង្កឲ្យមានក្ដីបារម្ភពីការរីករាលដាលសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់បានបាញ់មីស៊ីលចំនួន ២ដង ដោយផ្ទាល់ទៅលើអ៊ីស្រាអែលក្នុងឆ្នាំនេះ ដែលជំរុញឲ្យអ៊ីស្រាអែលសងសឹក ដោយលើកចុងក្រោយបំផុត នៅថ្ងៃទី២៦ តុលា ជាពេលខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់៕