នៅក្នុង «តារាងពិន្ទុ» រួមគ្នាដែលចេញផ្សាយ នៅថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ ក្រុមអង្គការផ្តល់ជំនួយមនុស្សធម៌ចំនួន ៨ បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីស្រាអែលមិនបានបបំពេញតាមលក្ខណៈវិនិច្ឆ័យ ពោលគឺលក្ខខណ្ឌដែលកំណត់ដោយសហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។
អង្គការទាំងនោះបានលើកឡើងថា៖ «អ៊ីស្រាអែលមិនត្រឹមតែខកខាន ក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់សហរដ្ឋអាមេរិកដែលនឹងបង្ហាញពីការគាំទ្រ ចំពោះការឆ្លើយតបមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការជាបន្តបន្ទាប់ដែលធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ជាពិសេសនៅតំបន់ហ្កាហ្សាភាគខាងជើង»។
គួរបញ្ជាក់ថា ការចេញផ្សាយតារាងពិន្ទុនេះ កើតមានឡើងនៅថ្ងៃកំណត់រយៈពេល ៣០ថ្ងៃ ពាក់ព័ន្ធនឹងវិធានការ ដែលកំណត់ដោយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin នៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែលកាលពីខែមុន។ ក្នុងលិខិតនោះ មន្ត្រីអាមេរិកទាំង ២រូប បាននិយាយថា អ៊ីស្រាអែលត្រូវតែធ្វើសកម្មភាពជាក់ស្តែង ដើម្បីធ្វើឲ្យប្រសើរឡើងនូវ «ស្ថានភាពមនុស្សធម៌ ដែលមានសភាពកាន់តែអាក្រក់ទៅៗ នៅតំបន់ហ្កាហ្សា«។
អស់រយៈពេលជាច្រើនសប្តាហ៍ អង្គការផ្ដល់ជំនួយនានា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ បានផ្ដល់សញ្ញាព្រមាន អំពីស្ថានភាព «ដ៏មហន្តរាយ» នៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែល បាន និងកំពុងធ្វើប្រតិបត្តិការយោធាខ្លាំងក្លា។ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ក្រុមអ្នកជំនាញឯករាជ្យមួយក្រុម បានព្រមានថា «មានលទ្ធភាពខ្ពស់ ដែលគ្រោះទុរ្ភិក្សនឹងកើតមាន នៅក្នុងតំបន់ភាគខាងជើងហ្កាហ្សាស្ទ្រីប»។
អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងមិន «ប៉ាន់ស្មានអំពីអ្វីដែលអាច ឬមិនកើតឡើង» បន្ទាប់ពីរយៈពេល ៣០ថ្ងៃនោះទេ៕