មេដឹកនាំពិភពលោករាប់សិបនាក់ បានជួបប្រជុំ នៅប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ សម្រាប់កម្មវិធីស្ដីពីអាកាសធាតុ COP29 ប៉ុន្តែឥស្សរជនថ្នាក់កំពូលៗជាច្រើន កំពុងរំលងការពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) ដែលឥទ្ធិពលនៃជ័យជម្នះការបោះឆ្នោតរបស់លោក Donald Trump ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។
មេដឹកនាំច្រើនជាង ៧៥នាក់ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីក្រុងបាគូ ក្នុងរយៈពេល ២ថ្ងៃ ប៉ុន្តែប្រមុខនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ និងបំភាយឧស្ម័នខ្លាំងបំផុតមួយចំនួនមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនោះទេ។
មេដឹកនាំតែមួយចំនួនតូចប៉ុណ្ណោះមកពីក្រុមប្រទេសទាំង២០ ឬ G20 ដែលស្មើនឹងជិត ៨០ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវបានរំពឹងថា មានវត្តមាននៅក្នុងទីក្រុងបាគូ ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ផងដែរ។
ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានាធិបតីចិន លោក Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីបារាំង លោក Emmanuel Macron ស្ថិតក្នុងចំណោមមេដឹកនាំ G20 ដែលមិនមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ជាទីដែលភាពមិនច្បាស់លាស់ពីការរួបរួមរបស់សហរដ្ឋអាមេរិកនាពេលអនាគតលើសកម្មភាពអាកាសធាតុ បានលេចឡើងនៅថ្ងៃបើកកិច្ចប្រជុំនេះ។
បេសកជនអាកាសធាតុជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន បានប្រឹងប្រែងធានាដល់បណ្តាប្រទេសនានា នៅទីក្រុងបាគូថា ការជាប់ឆ្នោតឡើងវិញរបស់លោក Trump នឹងមិនបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដីទេ បើទោះបីជាវានឹង «មិនកា្លយជាគោលនយោបាយអាទិភាព» ក៏ដោយ៕