រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាបាស អារ៉ាជី (Seyed Abbas Araghchi) និងទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ លោក Qasim al-Araji បានលើកឡើងពីភាពចាំបាច់ ដើម្បីអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិសុខព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីខែមីនា ឆ្នាំមុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ។
នៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ លោក អារ៉ាជី បានចង្អុលបង្ហាញពីទំនាក់ទំនង«ល្អណាស់» រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងបាកដាដ លើគ្រប់វិស័យ ដោយពណ៌នាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគីថា ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងទំនាក់ទំនងរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់សង្ឃឹមថា តាមរយៈការអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិសុខនេះ ប្រទេសទាំងពីរ នឹងធានាបាននូវសន្តិសុខប្រកបដោយនិរន្តរភាព នៅតាមព្រំដែនរួម។
ចំណែកទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់ បានបង្ហាញរបាយការណ៍ស្តីពីភាពរីកមច្រើននៃការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងស្រុង។
លោក អារ៉ាជី បានសង្កត់ធ្ងន់ថា អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ក្នុងនាមជាប្រទេសមូស្លីម ជាបងប្អូន និងប្រទេសជិតខាង មានទំនាក់ទំនងទ្វេភាគី «ល្អប្រសើរ» ដោយសារការធានាសន្តិសុខ និងស្ថិរភាព នៅតាមព្រំដែនរួម។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់នៅតំបន់ហ្កាហ្សា និងលីបង់ ដោយអំពាវនាវឲ្យ មានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង តាមរយៈការរួបរួមគ្នាក្នុងចំណោមរដ្ឋមូស្លីម ដើម្បីបញ្ឈប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននូវ «ឧក្រិដ្ឋកម្មសង្គ្រាម» របស់អ៊ីស្រាអែល នៅក្នុងតំបន់អាស៊ីខាងលិច និងបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន និងលីបង់ ដែលត្រូវបានជម្លៀសនោះ។