កំពង់ចាម ៖ ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ ខេត្តកំពង់ចាម លើកឡើងថា លំបាកសន្និដ្ឋានណាស់ លើបញ្ហាស្ថានភាពទឹកទន្លេមេគង្គ ពីព្រោះថា តាមចំណាំរដូវនេះ គឺជារដូវទឹកសម្រក ដែលឈានទៅធ្វើការដាំដុះទៅហើយ តែបែរជាទឹកទន្លេ បានឡើងទៅវិញ។
បើតាមប្រភពពីប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន បានលើកឡើងស្រដៀងៗគ្នាថា លំបាកសន្និដ្ឋានណាស់ អំពីស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នាបច្ចុប្បន្ននេះ ពោលគឺ វាខុសប្លែកពីបណ្តាឆ្នាំមុនៗឆ្ងាយណាស់ ។
យ៉ាងណាមិញពួកគាត់មិននឹកស្មានថា ទឹកទន្លេមេគង្គ បានឡើងមកវិញ នារដូវទឹកសម្រក ខណៈដែលប្រជាពលរដ្ឋ ជាច្រើនគ្រួសារ បានចាប់ផ្តើមដាំដុះមុខដំណាំនានា នារដូវទឹកសម្រក ដូចជា ៖ ឪឡឹក ត្រសក់ ម្រះ ពោត ប៉េងប៉ោះ ជាដើម ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំកោះសូទិន បានឲ្យដឹងទៀតថា ប្រសិនបើទឹកតូចពេកមិនលិចចូលភូមិ ក៏ដូចជា ផ្ទៃដីស្រែ ចំការ របស់ពួកគាត់ទេ គឺមានការលំបាកហើយ ពីព្រោះថា បើទឹកទន្លេឡើងតូច គឺមិនបាននាំដីល្បាប់គ្រប់គ្រាន់ សម្រាប់ការងារបង្កបង្កើនផល របស់ពួកគាត់នោះឡើយ ក្រៅពីនោះ វាធ្វើឲ្យដីរឹង លំបាកភ្ជួររាស់ សំបូរស្មៅ និងកើតសត្វចង្រៃច្រើនទៀតផង ។
បើយោងតាមរបាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ បានបន្តហក់ឡើងសារជាថ្មី ដល់កម្ពស់ ១១,៦០ម៉ែត្រ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ០,៦៥ម៉ែត្រ បើធៀបទៅនឹងកម្រិតកម្ពស់ទឹក ក្នុងឆ្នាំ២០២០ មានកម្ពស់ ១១,៩៥ម៉ែត្រ ។ ដោយឡែក បើធៀបទៅនឹងកម្រិតទឹកទន្លេមេគង្គ ខេត្តកំពង់ចាម ស្ថិតនៅចំណុចប្រកាសអាសន្ន មានកម្ពស់ ១៥,២០ម៉ែត្រ ឯណោះ ។
បើយោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២១ នេះ ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅតែបន្តឡើង បន្តថែមទៀត ៕