ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អែលស៊ីស៊ី ( Abdel Fattah el-Sisi) បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអារ៉ាប់-ឥស្លាមជាបន្ទាន់ នៅទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតថា សកម្មភាពរបស់ អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន និងប្រទេសលីបង់ បង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់ពិភពលោកទាំងមូល ដែលមិនអាចទទួលយកបានទាំងស្រុង។
ការិយាល័យប្រធានាធិបតី បានរាយការណ៍ថា លោក អែលស៊ីស៊ី បានសង្កត់ធ្ងន់ថា៖«បច្ចុប្បន្ននេះ មជ្ឈិមបូព៌ា និងពិភពលោកទាំងមូល គឺស្ថិតនៅក្នុងចំណុចប្រសព្វដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ការឈ្លានពានរបស់[អ៊ីស្រាអែល] នៅក្នុងទឹកដីប៉ាឡេស្ទីន និងប្រទេសលីបង់ គឺមិនអាចទទួលយកបានទេ វាបង្កគ្រោះថ្នាក់ដល់សណ្តាប់ធ្នាប់ពិភពលោកទាំងមូល»។
លោកប្រធានាធិបតី បាននិយាយថា៖«ប្រទេសអេហ្ស៊ីប នឹងរារាំងរាល់ការប៉ុនប៉ង ដើម្បីដោះស្រាយបញ្ហាប៉ាឡេស្ទីន ដោយបង្ខំជនស៊ីវិល ឬប្រែក្លាយតំបន់ហ្កាហ្សាទៅជាតំបន់ដែលមិនអាចរស់នៅបាន» ដោយបានបន្ថែមថា សន្តិភាព និងការរីកចម្រើនក្នុងតំបន់ គឺអាចធ្វើទៅបានតែជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧។ «ដោយសំដៅទៅលើស្ថានភាពនៅក្នុងប្រទេសលីបង់ លោក អែលស៊ីស៊ី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងគែរសម្រាប់ស្ថាប័នរដ្ឋរបស់ប្រទេសលីបង់ ក៏ដូចជាយោធារបស់ប្រទេសនេះ ហើយបានអំពាវនាវឲ្យអនុវត្តជាបន្ទាន់នូវសេចក្តីសម្រេចលេខ ១៧០១ របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។