រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំគណះបញ្ជាការឯកភាព ត្រៀមការការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលនៅបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលមកដល់ ។
កិច្ចប្រជុំនេះធ្វើឡើង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំប្រជុំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខណ្ឌ , លោកអធិការនគរបាល , លោកមេបញ្ជាការកងរាជអាវុធហត្ថ , ចៅសង្កាត់ទាំង០៧ ក្នុងមូលដ្ឋាន រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ឱ្យដឹងថា ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានការរៀបចំពិធីអាធិកអាធ័ម និងធំ ជាងឆ្នាំៗកន្លងទៅ ដែលជាកត្តាត្រូវឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាចាំបាច់បំផុត លើបញ្ហាសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ និងថ្នាក់ដឹកនាំ ក្នុងរង្វង់ទីតាំងប្រារព្ធពិធី ។
លោកអភិបាល ណែនាំដល់កម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ និងសង្កេត ឱ្យបានល្អិតល្អន់ តាមគោលដៅត្រួតពិនិត្យរបស់ខ្លួន និងបង្កាឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប៉ុងប៉ងទុច្ចរិត បង្កចលាចល ។
លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ៖ លោកបានប្រើប្រាស់កម្លាំងទូទាំងខណ្ឌតែម្តង សម្រាប់ការការពារ ដោយកម្លាំងបានបែកចែងជា២ គឺទី១កម្លាំងចំហរ ដែលត្រៀមការពារគោលដៅបិទខ្ទប់ , ត្រៀមឈរសម្រួលចរាចរណ៍ និងការពារសន្តិសុខ ។ ដោយឡែក កម្លាំងទី២ គឺជាកម្លាំងសម្ងាត់ ដែលត្រៀមតាមដានរាល់មនុស្ស ឬសកម្មភាពដែលឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យ គឺនឹងត្រូវកំណត់បាន ក្នុងករណីប៉ុនប៉ងប្រព្រឹត្តិសកម្មភាពអសន្តិសុខ ណាមួយនោះ ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធឡើងរយះពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ ឆ្នាំនេះដែរ មានទូកង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់ ៕ លីហេង




