មនុស្សចំនួន ៦នាក់ហើយត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែងតាមរយៈឈ្មោះ លី សាម៉េត និងគូកន។
គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ មានមនុស្សចំនួន ៦នាក់ហើយ ដែលត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសំណុំរឿងសូកប៉ាន់យកតំណែង តួនាទី តាមរយៈឈ្មោះ លី សាម៉េត និងគូកន។
មនុស្សទាំង ៦នាក់នោះ គឺមាន៤នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និង២នាក់ត្រូវបាននគរបាលនាំខ្លួនបញ្ជូនទៅតុលាការ។ អ្នកដែលត្រូវបាននគរបាលនាំខ្លួនគឺមានឈ្មោះ ដួង តារា និងឈ្មោះ លី សាម៉េត ដែលមកដល់ពេលនេះអ្នកទាំង២ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់រួចហើយ ដោយឈ្មោះ ដួង តារា ភេទប្រុស ចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងឈ្មោះ លី សាម៉េត ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
ចំពោះមនុស្ស ៤នាក់ដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន មាន២នាក់កំពុងស្ថិតក្នុងដំណាក់កាលសាកសួររបស់តំណាងអយ្យការ និង២នាក់ទៀតត្រូវបានតំណាងអយ្យការចោទប្រកាន់រួចហើយ ក្នុងនោះមានឈ្មោះ អ៊ុត ធី ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឈ្មោះ មួង ឃីម ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំពោះមនុស្ស២នាក់កំពុងស្ថិតក្នុងដំណាក់កាលសាកសួររបស់តំណាងអយ្យការមានឈ្មោះ ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

