បាល់ទាត់៖ កីឡាករក្រុមជម្រើសជាតិកម្ពុជា សារ៉េត គ្រីយ៉ា បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយបន្ទាប់ពីធ្វើតេស្ដ PCR ទទួលបានលទ្ធផលអវិជ្ជមានមុនគេកាលពីម្សិលមិញ ខណៈអ្នកចាំទី កែវ សុខសិលា នឹងធ្វើតេស្ដ PCR ថ្ងៃនេះ។ រីឯកីឡាករ ៤រូបទៀតរួមមាន ចាន់ វឌ្ឍនាកា, សឿយ វិសាល, អ៊ាន ពិសី និង គួច សុកុម្ភៈនឹងត្រូវធ្វើម៉ាស៊ីនធំថ្ងៃស្អែកបន្ទាប់ពីធ្វើចត្ដាឡីស័ក និងព្យាបាលគ្រប់ ១០ថ្ងៃតាមគោលការណ៍របស់ក្រសួងសុខាភិបាលបារ៉ែន។
សមាជិកក្រុមព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា បានឲ្យដឹងថា ខ្លួនបានធ្វើតេស្ដ PCR មុនគេកាលពីថ្ងៃទី១៨-តុលា ព្រោះរូបគេបានរកឃើញវិជ្ជមានមុនគេដូចគ្នា។ ក្រោយរង់ចាំ ១ថ្ងៃទើបទទួលបានលទ្ធផលអវិជ្ជមានកាលពីថ្ងៃអង្គារម្សិលមិញ។ បន្ទាប់មកក្រុមគ្រូពេទ្យក៏អនុញ្ញាតឲ្យខ្សែការពារដ៏រឹងមាំរូបនេះចាកចេញពីសណ្ឋាគារសម្រាកព្យាបាលនោះ វិលទៅសណ្ឋាគារដែលក្រុមជម្រើសជាតិកម្ពុជាស្នាក់នៅវិញដើម្បីរង់ចាំមិត្តរួមក្រុម ៥នាក់ផ្សេងទៀត។ គ្រីយ៉ា បន្ដថា ការពិតបន្ទាប់ពីសម្រាកព្យាបាល ១០ថ្ងៃ ហើយធ្វើតេស្ដ PCR អវិជ្ជមាន ឬលេងមានជំងឺកូវីដតាមច្បាប់សុខាភិបាលបារ៉ែន ខ្លួនអាចត្រឡប់មកកម្ពុជាវិញបានតែក្នុងនាមមិត្តរួមជាតិ និងមានការស្រុះស្រួលមតិគ្នាផង ទោះបីអ្នកណាជាមុន ឬក្រោយក៏ដោយក៏ពួកគេត្រូវរង់ចាំជាសះស្បើយទាំងអស់គ្នា ទើបធ្វើដំណើរត្រឡប់មកមាតុភូមិវិញរួមគ្នា។ ដូច្នេះ គ្រីយ៉ា សម្រាកនៅសណ្ឋាគារមួយទៀតដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំសហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជា។ ចំពោះ កែវ សុខសិលា ត្រូវធ្វើតេស្ដ PCR បន្ទាប់ពី គ្រីយ៉ា នៅថ្ងៃទី២០ ខែតុលានេះ ព្រោះគេគឺជាកីឡាករបន្ទាប់ដែលរកឃើញវិជ្ជមាន ក្រោយរួមចំណែកជួយក្រុមគោព្រៃកម្ពុជាឈ្នះកោះហ្គាំ ១-០ នៅជើងទី១ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023។ រីឯកីឡាករ វឌ្ឍនាកា, វិសាល, ពិសី និងសុកុម្ភៈ នឹងត្រូវធ្វើតេស្ដ PCR នាថ្ងៃទី២១ ខែតុលាស្អែក ព្រោះពួកគេរកឃើញវិជ្ជមានក្នុងថ្ងៃជាមួយគ្នា។ ដូច្នេះថ្ងៃនេះ និងថ្ងៃស្អែកគឺជាគម្រប់ ១០ថ្ងៃនៃការធ្វើចត្ដាឡីស័ក និងព្យាបាលរបស់ពួកគេ។
តាមការបញ្ជាក់របស់ប្រធានក្រុមរ សឿយ វិសាល អំឡុងពេលសម្រាកព្យាបាលនៅទីនោះ ពួកគេត្រូវបានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ពិសេសថ្នាក់ដឹកនាំសហព័ន្ធតាមរយៈក្រុមការងារគ្រូជម្រើសជាតិ ជាក់ស្ដែងអ្នកចាត់ការក្រុមលោក ឈូក ពិសិដ្ឋ បានទិញគ្រឿងឧបភោគបរិភោគមួយចំនួនទុកឲ្យពួកគេមុនចាកចេញទៅជប៉ុន។ មិនតែប៉ុណ្ណោះ ក្រុមការងារជម្រើសជាតិក៏បានទាក់ទងស្ដ្រីខ្មែរបម្រើការងារនៅបារ៉ែនលោកស្រី ប៉ម សុភ័ក្ដ្រ ដើម្បីបានធ្វើម្ហូបអាហារខ្មែរ និងយកឲ្យពួកគេរៀងរាល់ថ្ងៃទៀតផង។ សូមបញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូបខាងលើបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងពេលបំពេញបេសកកម្មនៅប្រទេសបារ៉ែនក្នុងការប្រកួតជម្រុះ Play-Off នៃពានរង្វាន់ AFC Asian Cup China 2023 ជាមួយក្រុមកោះហ្គាំ ស្របពេលក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិកនេះទាំង ២ជើងក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ៕
អត្ថបទ៖ លី ឈុនឡា