ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim នៅថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កំពុងសាងសង់ «ផ្លូវរូងក្រោមដីការពារ» នៅក្នុងរដ្ឋធានីតេអេរ៉ង់ បន្ទាប់ពីមានការវាយប្រហារដោយអ៊ីស្រាអែលលើគោលដៅជាច្រើន នៅក្នុងប្រទេស។
ផ្លូវរូងក្រោមដីដែលមានទីតាំងនៅជិតកណ្តាលទីក្រុង នឹងភ្ជាប់ស្ថានីយរថភ្លើងក្រោមដីមួយកន្លែង នៅទីក្រុងតេអេរ៉ង់ ទៅកាន់មន្ទីរពេទ្យ Imam Khomeini ដោយអាចឲ្យចូលក្រោមដីដោយផ្ទាល់ ធ្វើដំណើរទៅកាន់កន្លែងព្យាបាល ។
ប្រធានផ្នែកដឹកជញ្ជូន សម្រាប់ក្រុមប្រឹក្សាក្រុងតេអេរ៉ង់ បានប្រាប់សារព័ត៌មាន Tasnim ថា៖ «ជាលើកដំបូង នៅក្នុងប្រទេស ផ្លូវរូងក្រោមដីមួយដែលមានកម្មវិធីការពារ កំពុងត្រូវបានសាងសង់នៅក្នុងទីក្រុងតេអេរ៉ង់»។
គួរបញ្ជាក់ថា កាលពីខែមុន អ៊ីស្រាអែលបានធ្វើការវាយប្រហារដែលទទួលស្គាល់ជាផ្លូវការលើកដំបូង នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានវាយប្រហារលើរោងចក្រមីស៊ីល និងទីតាំងផ្សេងទៀត នៅជិតទីក្រុងតេអេរ៉ង់ និងនៅភាគខាងលិចរបស់ប្រទេសនេះ ដែលនេះជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលស្រោចរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ចូលដែនដីអ៊ីស្រាអែល៕


