រដ្ឋមន្ត្រីការបរទេសជប៉ុន Takeshi Iwaya បានថ្លែងនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS ថា អាជ្ញាធរជប៉ុន កំពុងប្រកាន់ខ្ជាប់នូវដំណើរការនៃ«ការដោះស្រាយការកាន់កាប់នូវផ្នែកខាងត្បូងនៃប្រជុំកោះ Kuril និងការសម្រេចបានសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសរុស្ស៊ី។
លោក បាននិយាយថា៖«គោលនយោបាយរបស់ប្រទេសជប៉ុន មិនបានផ្លាស់ប្តូរទេ។ ចំពោះទឹកដីភាគខាងជើង (នោះហើយជារបៀបដែលជប៉ុនហៅផ្នែកខាងត្បូងនៃកោះ Kuril) យើងនឹងរក្សាដំណើរការ នៃការដោះស្រាយបញ្ហានៃការកាន់កាប់នូវកោះភាគខាងជើងទាំង ៤និងការសម្រេចបានសន្ធិសញ្ញាសន្តិភាព»។
ទីក្រុងមូស្គូ និងតូក្យូ បានធ្វើការចរចាលើសន្ធិសញ្ញាសន្តិភាពដោយផ្អែកលើលទ្ធផលនៃសង្គ្រាមលោកលើកទី ២ ចាប់តាំងពីពាក់កណ្តាលសតវត្សទី ២០ ។ ឧបសគ្គចម្បងនៃកិច្ចព្រមព្រៀងបែបនេះ នៅតែជាការខ្វែងគំនិតគ្នាលើសិទ្ធិកាន់កាប់ភាគខាងត្បូងនៃប្រជុំកោះ Kuril ។ បន្ទាប់ពីសង្រ្គាមមក ប្រជុំកោះទាំងមូល ត្រូវបានដាក់បញ្ចូលទៅក្នុងសហភាពសូវៀត ប៉ុន្តែប្រទេសជប៉ុន បានជំទាស់នឹងភាពជាម្ចាស់នៃកោះ Iturup, Kunashir និង Shikotan ក៏ដូចជាកោះតូចៗជាច្រើន ដែលគ្មានមនុស្សរស់នៅ។ ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា អធិបតេយ្យភាពរបស់រុស្ស៊ីលើកោះទាំងនេះ គឺផ្អែកលើមូលដ្ឋានច្បាប់ដ៏រឹងមាំ និងមិនអាចប្រកែកបាន។
បន្ទាប់ពីទីក្រុងតូក្យូ បានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីជុំវិញស្ថានការណ៍នៅអ៊ុយក្រែន រុស្ស៊ីបានបញ្ឈប់ការពិគ្រោះយោបល់ជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាព។ ទីក្រុងមូស្គូ ក៏បានដកខ្លួនចេញពីការចរចា ជាមួយទីក្រុងតូក្យូស្តីពីការបង្កើតសកម្មភាពសេដ្ឋកិច្ចរួមគ្នា នៅប្រជុំកោះ Kuril ភាគខាងត្បូង និងបានរារាំងការបន្តឋានៈរបស់ប្រទេសជប៉ុនជាដៃគូសន្ទនាតាមវិស័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅ (BSEC)។

