ឆ្មាំជាតិទុយនីស៊ី បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានរុះរើបណ្តាញជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងការរត់ពន្ធជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ដោយបានចាប់ខ្លួនបុគ្គលចំនួន ៥នាក់ នៅក្នុងប្រតិបត្តិការនេះ។
ការវាយឆ្មក់ដែលបានធ្វើឡើងនៅក្នុងខេត្ត Ben Arous ជិតរដ្ឋធានីទុយនីស( Tunis) បានរកឃើញ បណ្តាញដឹកជញ្ជូនជនអន្តោប្រវេសន៍អាហ្វ្រិកមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ា។ ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានបញ្ជូនចេញពីខេត្ត Kasserine ភាគខាងលិច ទៅកាន់ខេត្ត Sfax ភាគអាគ្នេយ៍ ជាកន្លែងដែលពួកគេ កំពុងរង់ចាំឆ្លងសមុទ្រមេឌីទែរ៉ាណេ ទៅអឺរ៉ុប។
ឆ្មាំជាតិមិនបានប្រាប់ពីពេលវេលានៃប្រតិបត្តិការ ឬសញ្ជាតិរបស់ជនសង្ស័យនោះទេ ប៉ុន្តែបានបញ្ជាក់ថា ពួកគេ ៤នាក់ ត្រូវបានចាប់ខ្លួនរួចហើយជុំវិញបទចោទប្រកាន់ផ្សេងៗ។ រថយន្តចំនួន ៥គ្រឿង ត្រូវបានរឹបអូសក្នុងពេលប្រតិបត្តិការ ហើយបច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រង់ចាំចាត់ការតាមនីតិវិធីច្បាប់។
ប្រទេសទុយនីស៊ី ដែលមានទីតាំងនៅភាគខាងជើងនៃទ្វីបអាហ្រ្វិក នៅតែជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ការធ្វើទេសន្តរប្រវេសន៍ខុសច្បាប់ ទៅកាន់អឺរ៉ុប។

