អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ បានចោទប្រកាន់មេដឹកនាំអឺរ៉ុបថា កំពុងព្យាយាមធ្វើឲ្យជម្លោះនៅអ៊ុយក្រែនមានសភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ជាប់ឆ្នោតឡើងវិញ។
លោក Medvedev ដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់ បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា បណ្ដាអ្នកនយោបាយអ៊ឺរ៉ុបមានគោលបំណង «រុញឲ្យជម្លោះជាមួយរុស្ស៊ីចូលទៅក្នុងដំណាក់កាលដែលមិនអាចត្រឡប់ក្រោយវិញបាន» ខណៈដែលពួកគេអាច និងព្រមានប្រឆាំងនឹងការអនុញ្ញាតឲ្យទីក្រុងគីវប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ដើម្បីបាញ់ទៅកាន់គោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី។
លោក Medvedev បានច្រានចោលនូវអ្វីដែលលោកបានហៅថា «ឱសានវាទ» ចេញដោយមេដឹកនាំបក្សប្រឆាំង និងដែលអាចជាអធិការបតីបន្ទាប់របស់អាល្លឺម៉ង់ គឺលោក Friedrich Merz អំពីការប្រើប្រាស់អាវុធប្រភេទនេះរបស់អ៊ុយក្រែនថា ជា «ការព្យាយាមទាក់ទាញសំឡេងឆ្នោត»។ លោកបានបន្ថែមថា៖ «វាច្បាស់ណាស់ថា មីស៊ីលទាំងនេះមិនអាចផ្លាស់ប្តូរអ្វីបានគួរឲ្យកត់សម្គាល់ នៅក្នុងដំណើរការនៃប្រតិបត្តិការយោធានោះឡើយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះទីក្រុងគីវ ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) ខណៈដែលរដ្ឋមន្ត្រីការបរទេសបារាំងបានជំរុញឲ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនកុំវិនិច្ឆ័យទុកជាមុនថា តើលោក Trump នឹងដោះស្រាយចំពោះជម្លោះយ៉ាងដូចម្ដេចនោះ៕


