បើយោងតាមអាជ្ញាធរ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៥នាក់ បានបាត់បង់ជីវិត និង ៤៣នាក់ទៀត បានរងរបួស បន្ទាប់ពីរថយន្ត ១គ្រឿង បានបើកបុកយ៉ាងពេញទំហឹងចូលក្នុងហ្វូងមនុស្សដែលកំពុងហាត់ប្រាណ នៅខាងក្រៅកីឡដ្ឋាន ក្នុងទីក្រុង Zhuhai របស់ប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា)។
នគរបាលមូលដ្ឋានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើតាមការអះអាង អ្នកបើកបរជាបុរសវ័យ ៦២ឆ្នាំម្នាក់ ដែលមានត្រកូល Fan បានបើករថយន្តប្រភេទ SUV ខ្នាតតូចកាត់របាំងមួយ ហើយចូលទៅក្នុងមជ្ឈមណ្ឌលកីឡា Zhuhai ដោយបានបុកជនស៊ីវិលជាច្រើននាក់។
នគរបាលបានប្រាប់ថា ជនល្មើសត្រូវបានចាប់ខ្លួនពេលព្យាយាមរត់គេច ហើយពេលនេះកំពុងស្ថិតក្នុងសភាពសន្លប់ស្ដូកស្ដឹង ដោយសាររងរបួសដែលបង្កឡើងដោយខ្លួនឯង។
ក្រុមអាជ្ញាធរបានកំណត់ជាបឋមថា ឧបទ្ទវហេតុនេះបង្កឡើងដោយសារការមានកំហឹងរបស់លោក Fan ចំពោះលទ្ធផលនៃការដោះស្រាយចែកអចលនទ្រព្យ បន្ទាប់ពីមានរឿងក្ដីក្ដាំលែងលះរបស់លោក។ ដោយសារតែសន្លប់ អាជ្ញាធរមានសមត្ថកិច្ចមិនអាចសួរនាំរូបលោកបានឡើយ។
វីដេអូភាគច្រើននៃឧបទ្ទវហេតុដែលត្រូវបានបង្ហោះដោយសាក្សីឃើញផ្ទាល់ភ្នែក ចាប់តាំងពីពេលនោះមក ត្រូវបានលុបចេញពីបណ្ដាញសង្គមរបស់ប្រទេសចិន ប៉ុន្តែវីដេអូខ្លះនៅតែត្រូវបានចែកចាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលបង្ហាញឲ្យឃើញមនុស្សជាច្រើនដេកនៅលើដី ហើយមានវត្តមានរបស់ក្រុមគ្រូពេទ្យបឋមសង្គ្រោះ និងអ្នកឈរមើល៕


