ប្រភពជាច្រើនបានប្រាប់ឲ្យដឹងថា ទីក្រុងប៉េកាំងកំពុងជំរុញប្រទេសប៉ាគីស្ថានអនុញ្ញាតឲ្យបុគ្គលិកសន្តិសុខរបស់ខ្លួនផ្តល់ការការពារដល់ពលរដ្ឋចិនរាប់ពាន់នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ អំឡុងកិច្ចពិភាក្សា បន្ទាប់ពីមានការបំផ្ទុះរថយន្ត នៅទីក្រុង Karachi ដែលត្រូវបានគេមើលឃើញថា ជាការរំលោភសន្តិសុខដ៏ធំមួយ។
ហើយកាលពីខែមុន នៅទីក្រុងកំពង់ផែភាគខាងត្បូង ការបំផ្ទុះគ្រាប់បែក នៅអាកាសយានដ្ឋានដែលបានសម្លាប់វិស្វករជនជាតិចិន ២នាក់ ពេលកំពុងត្រឡប់ទៅធ្វើការលើគម្រោងមួយ បន្ទាប់ពីថ្ងៃឈប់សម្រាកនៅប្រទេសថៃ គឺជាហេតុការណ៍ចុងក្រោយបំផុត ក្នុងការវាយប្រហារបន្តបន្ទាប់លើផលប្រយោជន៍របស់ទីក្រុងប៉េកាំង នៅប៉ាគីស្ថាន។
ការវាយប្រហារទាំង និងការបរាជ័យរបស់ទីក្រុង Islamabad ក្នុងការទប់ស្កាត់កុំឲ្យកើតមាន បានធ្វើឲ្យចិនខឹងសម្បា ដែលបានជំរុញឲ្យប៉ាគីស្ថានចាប់ផ្តើមការចរចាជាផ្លូវការ ដើម្បីឲ្យមានប្រព័ន្ធគ្រប់គ្រងសន្តិសុខរួមគ្នា។
ប្រភពេពីសន្តិសុខ និងរដ្ឋាភិបាលប៉ាគីស្ថានចំនួន ៥រូប ដែលដឹងដោយផ្ទាល់ អំពីការចរចា និងការទាមទារដែលមិនបានរាយការណ៍ពីមុន បាននិយាយទៅកាន់សារព័តត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃកិច្ចពិភាក្សានេះ។
មន្ត្រីម្នាក់ដែលបានចូលរួមក្នុងកិច្ចប្រជុំថ្មីៗនេះ បាននិយាយថា៖ «ពួកគេ (ចិន) ចង់ឲ្យមានសន្តិសុខរបស់ខ្លួនផ្ទាល់» ដោយបន្ថែមថា ប៉ាគីស្ថានមិនទាន់បានយល់ព្រម ចំពោះការចង់មានវិធានការបែបនេះទេ។
គេមិនទាន់ច្បាស់នៅឡើយទេថា តើទីក្រុងប៉េកាំងចង់នាំយកបុគ្គលិកសន្តិសុខរដ្ឋ ឬឯកជន សម្រាប់ភារកិច្ចនេះ។ យ៉ាងណាក្ដី ទាំងទីក្រុងប៉េកាំង និងទីក្រុងអ៊ីស្លាម៉ាបាដ មិនបានបញ្ជាក់ពីកិច្ចចរចាជាផ្លូវការនោះឡើយ៕

