សិស្សរាប់ពាន់នាក់ នៅភាគខាងកើតតំបន់ Valencia របស់ប្រទេសអេស្ប៉ាញ បានត្រឡប់ទៅថ្នាក់រៀនវិញហើយ កាលពីថ្ងៃចន្ទ (ទី១១ ខែវិច្ឆិកា) ដោយមានរយៈពេល ២សប្តាហ៍ បន្ទាប់ពីទឹកជំនន់ បានសម្លាប់មនុស្សជាង ២០០នាក់ និងបំផ្លិចបំផ្លាញទីក្រុងជាច្រើន នៅក្នុងតំបន់នេះ។
ភាពចម្រូងចម្រាស ជុំវិញការដោះស្រាយរបស់រដ្ឋបាល ក្នុងតំបន់ ចំពោះទឹកជំនន់ នៅតែបន្តមាន ហើយសហជីពគ្រូបង្រៀន បានចោទប្រកាន់អាជ្ញាធរថា បានបំផ្លើសចំនួនសិស្សត្រឡប់ទៅរៀនវិញ និងទុកឲ្យកិច្ចការសម្អាតជាភារៈរបស់គ្រូបង្រៀន និងកូនសិស្ស។
គួរបញ្ជាក់ថា មនុស្ស ២៣នាក់ នៅតែបាត់ខ្លួនដដែល ក្នុងតំបន់ Valencia បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បាននាំឲ្យទឹកទន្លេឡើងហូរហៀរ ដោយធ្វើឲ្យជំនោរនៃទឹកភក់ហូរឆ្លងកាត់តំបន់ជាយក្រុងមានប្រជាជនច្រើន ដែលបណ្ដាលឲ្យមនុស្សលង់ទឹកស្លាប់ នៅក្នុងឡាន និងចំណតរថយន្តក្រោមដី និងធ្វើឲ្យផ្ទះសម្បែងដួលរលំ។
នាយកដ្ឋានអប់រំក្នុងតំបន់ បាននិយាយថា សាលារៀនសរុបចំនួន ៤៧កន្លែង នៅក្នុងក្រុងចំនួន ១៤ ដែលរងផលប៉ះពាល់ បានបើកឡើងវិញ សម្រាប់កុមារជាង ២២.០០០នាក់ កាលពីថ្ងៃចន្ទ។ កាលពីសប្តាហ៍មុន ស្ថាប័ននេះបានឲ្យដឹងថា ខ្លួនរំពឹងថា សិស្សប្រមាណជា ៧០ភាគរយ នៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត នឹងបានត្រឡប់ទៅរៀនវិញ ក្នុងសប្តាហ៍នេះ៕