ប្រទេសម៉ុលដាវី បានប្រគល់ឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង Chisinau នូវកំណត់ទូតតវ៉ា នាថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ ជុំវិញការចោទប្រកាន់ ដែលថា មានការជ្រៀតជ្រែកដោយទីក្រុងមូស្គូ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងការធ្វើប្រជាមតិ ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប (EU)។
ក្រសួងការបរទេសម៉ុលដាវី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានព្យាយាមធ្វើប្រតិភូកម្មលើដំណើរការប្រជាធិបតេយ្យនៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ដែលជ័យជម្នះជារបស់ប្រធានាធិបតីគាំទ្រលោកខាងលិច លោកស្រី Maia Sandu និងការធ្វើប្រជាមតិ កាលពីថ្ងៃទី២០ ខែតុលា ស្តីពីការបញ្ចូលផ្នែកនៃច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញដែលកំណត់សមាជិកភាពសហភាពអឺរ៉ុបជាគោលដៅ។ តែទីក្រុងមូស្គូបានបដិសេធការចោទប្រកាន់នេះ។
ម៉ុលដាវីបានចោទប្រកាន់ទីក្រុងមូស្គូ និងមហាសេដ្ឋីដែលរត់គេចខ្លួន គឺលោក Ilan Shor ថា បានជ្រៀតជ្រែកដល់ការបោះឆ្នោតនេះ ដោយលើកឡើងថា គ្រោងការណ៍ដែលលោកបានដំណើរការ ស្វែងរកការទិញសន្លឹកឆ្នោតរបស់ប្រជាជន ៣០០.០០០នាក់៕