ឥណ្ឌា៖ ទឹកជំនន់ និងបំណាក់ដីដោយសារតែភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមនុស្សជាង ៦០នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌា។ ទឹកលាយឡំជាមួយល្បប់បានជន់លិចផ្ទៃដីដ៏ធំនៅភាគខាងជើងរដ្ឋ Uttarakhand។ យោធា និងក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជូនទូក និងឧទ្ធម្ភាគចក្រសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ ប៉ុន្តែមនុស្ស ៣៤នាក់ត្រូវបានបញ្ជាក់ថាស្លាប់។ មានសេចក្តីរាយការណ៍ពីមនុស្សបាត់ខ្លួនមួយចំនួន។

នៅរដ្ឋ Kerala ភាគខាងត្បូងបំណាក់ដីជាបន្តបន្ទាប់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់។ មន្ត្រីឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានជាច្រើនថ្ងៃទៀតនៅរដ្ឋ Kerala ហើយអាចបណ្តាលឱ្យមានការខូចខាតបន្ថែមទៀតផងដែរ។ ប្រទេសឥណ្ឌាតែងជួបគ្រោះមហន្តរាយ ដែលបង្កឡើងដោយទឹកភ្លៀងក្នុងរដូវមូសុងនៅចន្លោះខែមិថុនា និងកញ្ញា ប៉ុន្តែជំនន់ទឹកភ្លៀងក៏បានវាយប្រហារប្រទេសនេះខុសពីរដូវវស្សាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បម្រែបម្រួលអាកាសធាតុអាចជាកត្តានាំឲ្យមានគ្រោះមហន្តរាយនេះកើតឡើង៕
អត្ថបទ៖ សុខមាន